កាលពីព្រេងនាយមានបុរសពីរនាក់ជាសំលាញ់ នឹងគ្នានិ យាយសន្យាគ្នាថា«កាលបើយើងមានប្រពន្ធ ហើយអែង ក្ដីអញក្ដីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញ ទៅមក»សន្យាគ្នាហើយយូរបន្តិច ទៅសំលាញ់ មួយមាន ប្រពន្ធ គ្រប់លក្ខណ៍សំលាញ់មួយទៀតមាន ប្រពន្ធខាត លក្ខណ៍បុរសដែលមាន ប្រពន្ធគ្រប់លក្ខណ៍នោះ វេលាយប់ ចូលដំនេក និយាយគិត គ្នាប្ដី ប្រពន្ធថា «យើងរកស៊ីអី អោយមាន ឆាប់»។ ប្រពន្ធឆ្លើយថា“អ្នកចង់រកស៊ីអីរឺប្រើខ្ញុំអោយត្បាញរវៃ លក់ដូរខ្ញុំទទួលតាមមិនហ៊ានទទឹងទាស់ ចិត្តអ្នកទេ»។ លុះកន្លងមកពេលចូលដំនេកយប់ក្រោយទៀតប្ដីនិយាយ នឹងប្រពន្ធថា«នាងអើយបង គិតឃើញរបរមួយមុខបើ បានដូចគំនិតនឹងបានមាសប្រាក់ ផ្ដិលតុថាសដោយ ងាយ»ប្រពន្ធសួរប្ដីថា «គិតធ្វើដូចម្ដេចក៏បានងាយម្លេះ? » ប្ដីប្រាប់ប្រពន្ធថា“ក្នុងសមុទ្រមានសំពៅអ្នកជំនួញគ្រប់ ប្រទេស ខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំមកហើយ របស់ ទ្រព្យសព្វសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះ ច្រើនយើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះអោយរីងក្រ អ្វីមាសប្រាក់គ្រប់មុខនោះបើបានត្រីធំតូចយើងវះធ្វើ ងៀតធ្វើផ្អកប្រហុកព្រឹកនេះនាងឯងដាំបាយដួសដាក់ កញ្ជើអោយ មានម្ហូបនិងស្លាម្លូផងព្រហាមយើងទៅបាចទឹកសមុទ្រអោយរីង»ប្រពន្ធលឺប្ដីប្រាប់ហើយ ក៏ធ្វើតាមបង្គាប់ប្ដី។ លុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំគ្នាទៅដល់មាត់សមុទ្រហើយទុកដាក់ម្ហូប ចំនីដោយស្រួលទើបប្ដីកាន់កញ្ជើ១ ប្រពន្ធកាន់កញ្ជើ១ខំបាចជះទឹកទៅលើគោកបាចទាល់តែពេល បាយ ទើបឈប់បរិភោគបរិភោគបាយរួចនាំប្ដីប្រពន្ធបាចទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញ។ បាចបានចំនួន៤ថ្ងៃប្ដីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថា«ទឹកស្រកសន្ដកហើយនាង»។ប្រពន្ធឆ្លើយថា“បើដូច្នោះយើងខំបាចទៅយូរណាស់កន្លះខែទៀតមុខជារីងហើយយើងចាប់យកត្រីធំតូច
វះធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់ មួយទៀតសំពៅ ទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះ យើងត្រូវកាយយកប្រាក់មាស តុថាស ចានក្បាននៅក្នុងសំពៅនោះមិនដឹងបើយកទៅណាអស់ទេ» ថារួចដល់ល្ងាចត្រលប់ មកផ្ទះវិញព្រឹក ឡើងនាំគ្នាទៅបាចទៀតហើយនិយាយតែពាក្យដដែលៗដូចថ្ងៃ មុនហ្វូងមច្ឆាក្នុងសមុទ្រស្ដាប់លឺដឹងដំនឹងសព្វគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថា«យើងមុខជាស្លាប់ម្ដង ហ្នឹងយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់រួចជីវិត គិតហើយនាំគ្នាមុជហែលទៅដល់ស្ដេច ត្រីទូលតាមដំនើរដែលបុរសប្ដីប្រពន្ធមក បាចទឹកសមុទ្រនោះ។ ស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថា «ឯងរាល់គ្នាពាំយក មាសបាន ៥ក្រឡ ប្រាក់ ៥ក្រឡ និង តុ ថាស ផ្ទិល ចាន ទៅ ឲ្យបុរសប្ដីប្រពន្ធ អង្វរគេអោយលែងបាចទឹកសមុទ្រទៅ”។ ត្រីទាំងនោះក៏យកវត្ថុ គ្រប់ ចំនួនតាមស្ដេច ត្រីបង្គាប់រួចនាំគ្នាពាំហែលមកដល់បុរសប្ដីប្រពន្ធអង្វរ សូម អោយលែងបាចទឹកសមុទ្រ ត្រីទាំងនោះក៏ហាមាត់ខ្ជាត់ ក្រឡ មាសប្រាក់តុថាស ផ្ទិលចានអោយ បុរសប្ដីប្រពន្ធ។ បុរសប្ដីប្រពន្ធមានសេចក្ដីត្រេកអរពន់ពេកក៏ឈប់ លែងបាចទឹកពីថ្ងៃ នោះនាំប្ដី ប្រពន្ធរែកជញ្ជូនទៅទុកផ្ទះត្រាតែអស់បុរសប្ដីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើន ថ្កើនរុង រឿងបាន សេចក្ដីសុខរៀងទៅពណ៌នាពីសំលាញ់ដែលមានប្រពន្ធខាតលក្ខណ៍គាត់ភ្នកនឹករលឹកដល់សំលាញ់ ហើយនាំប្រពន្ធទៅលេងផ្ទះសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍លុះដល់លើផ្ទះគេក៏រាប់អាន ចាប់ចិត្ត ស្និតស្នាលដូចពីដើមគាត់គន់មើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះហើយនឹកក្នុងចិត្តថា«ពីដើមសំលាញ់
គេមានទ្រព្យសម្បត្តិល្មមគួរសមទេ ឥលូវនេះគេរករបរអ្វីក៏ មានទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ គិតហើយត្អូញប្រាប់សំលាញ់ដែលមានទ្រព្យ សម្បត្តិថា «សំលាញ់អើយ !អញសព្វថ្ងៃនេះក្រលំបាកណាស់ សំលាញ់អែងរកស៊ីជំនូញអ្វីក៏មាន ទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ សំលាញ់ដែលមានប្រពន្ធគ្រប់ លក្ខណ៍ថា «សំលាញ់អើយ!អញរកស៊ី បាចទឹកសមុទ្រតែពីរនាក់នឹងប្រពន្ធអញ ពេលព្រឹកទៀបភ្លឺប្រពន្ធឡើង ដាំបាយមានគ្រប់ប្រដាប់ លុះភ្លឺឡើងនាំគ្នាទៅបាចទឹកសមុទ្រ ល្ងាចត្រលប់មកផ្ទះវិញ ស្ដេចត្រីភិត ភ័យបង្គាប់ត្រីជាបរិវា អោយពាំយក មាសប្រាក់ និង របស់គ្រប់មុខមកអោយអញ»។ ឯសំលាញ់ប្រពន្ធខាតលក្ខណ៍ ដឹងហើយ ក៏លាសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍ៗគេក៏អោយប្រាក់ យក ទៅចិញ្ចឹមជីវិត។ លុះត្រលប់ទៅផ្ទះវិញពេលចូលដំនេកបុរសនោះនិយាយនឹង ប្រពន្ធថា«ព្រឹកនេះ បាឯងដាំពីយប់រៀប ប្រដាប់អោយមានសព្វគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រអោយ បានមាសប្រាក់របស់ទ្រព្យ ដូចសំលាញ់យើង »។ មេខាតលក្ខណ៍ជាប្រពន្ធភ្លឺច្បាស់ បានក្រោកបង្កាន់ ភ្លើងឆេះ ហើយបានទៅបើកខាប់ អង្ករៗកំពុបម្ដងមួយទូកដៃយកអង្ករទៅលាងកំពុបមួយទុកដៃ ទៀតច្រកអង្ករទៅក្នុង ឆ្នាំងកំពប់ទៀតដល់ ពុះជាត់ បាយកំពប់ ទៀតច្រកអង្ករចំនួនល្មមឆ្អិន ពេញឆ្នាំងបាយ នៅតែកន្លះឆ្នាំងទាល់ថ្ងៃទើបដួស ដាក់កញ្ជើហើយ បន្ដើរ ប្ដីប្រពន្ធទៅ បាចទឹក សមុទ្រ បាចទាំងខឹងទាំងជា ។ បានចំនួន៥ថ្ងៃអស់ហ្វូងមច្ចាធំតូចផ្អើលភិតភ័យនិយាយគ្នា ថា «បុរសប្ដីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយ»ពួកត្រីក៏សំលឹងទាំងហ្វូង ចាំមើលចាំស្ដាប់។ ប្រពន្ធខាតលក្ខណ៍បោកល្អីដែលបាចទឹកនោះថា«បាចយូរថ្ងៃ ហើយមិនបានឃើញរបស់អ្វី អញមិនខ្ចីទេ អញលែងបាចហើយ» ឈ្លោះប្ដីប្រពន្ធ ប្រពន្ធជេរម្ដាយប្ដី ប្ដីបញ្ជោរប្រពន្ធប្រកាច់ចំបាប់ គ្នាប្រទាញថ្នក់សំពត់គ្នាទៅវិញទៅ មក ទាល់តែអាក្រាតទាំងប្ដីប្រពន្ធលេចកេរ្ដ៍ខ្មាសនៅ មាត់សមុទ្រ ហើយអ្នកទាំង ពីរនាក់ថា «ខ្ញុំគេក៏ខ្ញុំចុះលែងបាចហើយ »។ ត្រីទាំងនោះលឺថាលែងបាចក៏ត្រេក អរធូរ ចិត្ត លែងសួរអោយមាសប្រាក់របស់ទាំងពួង។ ត្រីទាំងនោះបានឃើញកេរ្ដ៍ ខ្មាស បុរសប្ដីប្រពន្ធក៏លោត សើចទាំងហ្វូង។ ឯត្រីសន្ដាយសើចទាល់តែរយះមាត់ បានជាមាត់ធំដូចគេហែករហូតដល់បច្ចុប្បន្ននេះ ។ បុរសប្ដីប្រពន្ធគ្មានបានអ្វីសោះ ក៏លែងឈ្លោះគ្នា ដកសារាយប្ដីមួយអំរែក ប្រពន្ធមួយទ្រនូលត្រលប់ មកផ្ទះវិញ ចាក់ សារាយចោលនៅកៀនជញ្ជាំងអោយ រលួយខូចអស់ទៅ ។
0 comments: