Button Text! Submit original article and get paid. Find out More

Sunday, September 6, 2015

រឿង : ដើមកំណើតសត្វកូនលោក

Game Pro Generator  |  at  2:28 PM  |   |  No comments

        មានបក្សីម្យ៉ាងហៅថា"សត្វកូនលោក"រូបរាងស្រដៀងនិងសត្វគ្រលីងគ្រលោងតែមានមាឌធំ ជាងគ្រលីងគ្រលោងបន្តិចសម្បុរវាក្រហមរទុះៗច្រើនអាស្រ័យនៅក្នុងព្រៃឬព្រៃស្រោងស្រឹង។សត្វនេះ ចាស់ៗខ្មែរយើងបាននិយាយតៗមកថាមានដើមកំណើតមកពីមនុស្សដូចមានរឿងដំណាលតទៅ នេះ ៖
       កាលពីព្រេងនាយមានកសិករពីរនាក់ប្តីប្រពន្ធជាមនុស្សក្រលំបាកមានកូនស្រីតូចៗ៣នាក់។ កូនទី១ចេះដងទឹកដាំបាយ កូនទី២ចេះនាំប្អូនដើរលេង កូនទី៣ចេះ រត់លេង។ ក្រោយពីពេលដែល ប្តីស្លាប់ចោលទៅនាងប្រពន្ធនៅមេម៉ាយជាមួយកូនស្រី៣នាក់ តែងទៅកាប់អុស បេះបន្លែទូលទៅ លក់នៅផ្សាររាល់ថ្ងៃ។ ថ្ងៃមួយនាង បានទៅជួបនិងអ្នកលេងស៊ីផឹកម្នាក់ដែលតែងតែដើរលួចឆក់ អ្នកដំណើរជិតឆ្ងាយ បានលុយកាក់យកមកស៊ីផឹកហ៊ឺហា។ អ្នកលេងនោះកាលបើក្រឡេកឃើញនាង មេម៉ាយក៏សំដែងអាកប្បកិរិយាជាអ្នកគួរសម សួរនាងថាចុះនាងនៅភូមិណា?ឆ្ងាយ ឬជិត? ហេតុអ្វីក៏មិនអោយប្តីជួយរែក ប្រឹងទូលម្នាក់ឯងច្រើនម៉្លេះ?នាងក៏ប្រាប់ដោយត្រង់ថ (ខ្ញុំជាស្រីមេ ម៉ាយ ប្តីស្លាប់ចោលទៅ សព្វថ្ងៃក្រលំបាកណាស់ប្រឹង កាប់អុសបេះ បន្លែលក់គ្រាន់បានប្រាក់កាស បន្តិចបន្តួចយកទៅទិញចំណីអាហារឲ្យ កូនស្រីបីនាក់បរិភោគ)។ ឮដូច្នេះអ្នកលេងនឹកអរព្រួចក្នុង ចិត្តគិតថានាងនេះមេម៉ាយ មែនប៉ុន្តែមានរូបរាងស្អាត គ្រាន់បើគួរអញតាមទៅសួរដល់ផ្ទះយកជា ប្រពន្ធឲ្យបាន ហើយក៏និយាយថា “នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំសូមជូន១០គហាបណៈ សំរាប់ទិញឥវ៉ាន់ផ្ញើកូន”។ នាងមេម៉ាយក៏ ទទួលយកភ្លាម ដោយសេចក្តីត្រេកអរលុះអុសនិងបន្លែអស់ ហើយនាងក៏ត្រលប់មកផ្ទះវិញ។ ឯអ្នកលេងក៏លបដើរមកតាម ក្រោយដើម្បីគន់មើលផ្ទះលុះពេល ព្រលប់ក៏ទៅ ជួបឯផ្ទះនាងនិយាយត្រូវគ្នាហើយ ក៏យកគ្នាជាប្តីប្រពន្ធតទៅ។ ចាប់តាំងពីថ្ងៃនោះមក អ្នកលេងតែងចេញទៅប្លន់អ្នក ស្រុក ២-៣ថ្ងៃមកផ្ទះម្តងក៏មាន កន្លះខែមកម្តងក៏មាន។ នាងនោះ មានមាសប្រាក់ ចាយបរិបូរណ៍ ស្លៀកពាក់សុទ្ធតែរបស់ល្អៗ ក៏ទៅជាចិត្តធំក្តៅក្រហាយស្អប់កូនស្រី របស់ខ្លនឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឱ្យដាច់ក ទាំង៣នាក់ ពេលដាំស្លឆ្អិន ហើយ នាំប្តីបរិភោគតែពីរនាក់។សល់បាយក្នុងឆ្នាំង បន្តិចបន្តួចកូនទាំង ៣នាំបងប្អូនកេះកាយស៊ី ខ្លះដេកលក់ក្បែរជើងក្រានខ្លះដេក លក់នៅល្វែងផ្ទះខាងក្រៅ មូសខាំសុះពេលខ្លួន។ ពេលព្រឹកៗ នាងនោះតាក់តែង ខ្លួនប្រាណទៅស៊ីផឹកនៅឯផ្សារជាមួយប្តី រាល់ថ្ងៃ។ ថ្ងៃមួយប្តីបាន និយាយរំលឹកថា “បងមានសេចក្តីអៀនខ្មាស់ មិត្តភ័ក្តខ្លាំងណាស់ ព្រោះអូនចេះតែតាមបងទៅស៊ីផឹកឯផ្សារដូច្នេះ បងសូមអង្វរចិត្តអូន សូមនៅផ្ទះថែទាំកូនស្រីទាំង៣នាក់ចុះ”។ឮប្តីនិយាយយ៉ាងនេះ នាងនោះ គិតថា “ប្តីអញគាត់ហ៊ឺហាណាស់ ពួកស្រីខូចក្នុង ផ្សារស្គាល់គាត់ទាំងអស់ បើអញបណ្តោយតទៅថ្ងៃមុខ គាត់នឹង បោះបង់ អញពុំខាន គួរអញរក ឧបាយសំលាប់ កូនស្រីទាំង៣នាក់ចោល កុំឱ្យគាត់មាន ពាក្យចាក់ដោត ថាឱ្យអញនៅចាំផ្ទះព្រោះតែកូនឡើយ”។ លុះដល់ ខែពិសាខមានភ្លៀងធ្លាក់ជោគជាំ នាងនោះនិយាយបញ្ឆោតកូនថា “កូនអើយ! កាលឪពុកឯងរស់នៅតែដល់រដូវ នេះហើយគាត់តែង នាំ ម្តាយទៅសាបព្រោះស្រូវនៅ ត្រពាំងទឹកក្នុងព្រៃជិតជើងភ្នំមានខ្ទមលំហដេកចាំស្រូវស្អែកនេះម្តាយ នឹងយកស្រូវពូជទៅសាបព្រោះ ចូរកូន ទៅដេកចាំចាប ព្រាប លលក កុំឱ្យស៊ីស្រូវ”។ លុះព្រឹកឡើងនាង នោះនាំកូនចូល ទៅក្នុងព្រៃរហោឋានជិតជើងភ្នំ យកស្រូវទៅបាចសាច ក្នុងត្រពាំង រួចផ្តាំកូនថា “នែហងរាល់គ្នា ត្រូវនៅចាំស្រូវ កុំទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយ សំលាប់” ផ្តាំហើយនាង នោះទុកបាយឱ្យ១ចំអែតម្នាក់ អង្ករ៣ចាន ពោតបួនដប់គ្រាប់កូន ឆ្នាំងដី មួយ និងអំបិលប្រហុក បន្តិចបន្តួច ដោយគិតថា “យប់នេះខ្លាវានឹងមកខាំស៊ី បើមិនស្លាប់ ដោយ ខ្លាស៊ី ក៏គង់ស្លាប់ ដោយអត់បាយពុំខាន”។ លុះផ្តាំកូនស្រេច ហើយក៏ត្រឡប់មកផ្ទះវិញដេកចាំមើលប្តីមកពី រកស៊ី ។ លុះប្តី មកដល់ក៏សួរថា “កូនស្រី៣នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះ?”។ ប្រពន្ធប្រាប់ថា “ខ្ញុំប្រើ ឱ្យទៅចាំស្រូវជាមួយ ចាស់ទុំជាច្រើន លុះស្រូវទុំទើបវាត្រលប់មកវិញ”។ ចំណែក កុមារីទាំង៣នាក់ នាំបងប្អូនយកគ្រប់ ពោតទៅកប់ តាមភ្លឺត្រពាំងពេលយប់នាំគ្នា ឡើងទៅដេកលើខ្ទម។ ឮសូរតែ មាត់ដំរី ចចក ស្វាន ស្វា ស្រែកទ្រហឹងអឺងកងពេញ ព្រៃស្មសាន នាងបង មានសេចក្តី ភិតភ័យ ញ័រខ្លួនដូចកូនសត្វ ស្ទើរគ្មានព្រលឹងនៅ ក្នុងខ្លួនលួងប្អូនៗកុំឱ្យយំខ្លាចសត្វសាហាវ ទាំងនោះ វាមកខាំសម្លាប់ ។ គ្រានោះ អារក្ខទេវតាដែលឋិតនៅក្នុងព្រៃស្មសានគិតថា “នាងម្តាយហេតុ អ្វីក៏យកកូនតូចៗ មកប្រោសចោលក្នុងព្រៃដូច្នេះ បើអញមិនជួយកុមារទាំង៣នេះផងទេមុខ ជាម្រឹគ ពាលយង់ឃ្នង ស៊ីពុំខាន គួរអញសង្គ្រោះកុមារទាំងនេះទម្រាំផុតពេលរាត្រីនេះហើយអញ នឹងក្រាបទូលសម្តេច ឥន្ទ្រាធិរាជ”។គិតស្រេចហើយ អារក្ខទេវតាសម្តែងឫទ្ធិស្រែកគំរាមពួកសត្វ សាហាវឱ្ យរត់ខ្ចាត់ខ្ចាយ អស់ទៅលុះព្រឹកឡើងក៏ចូលទៅកាន់សំណាក់ទេវរាជឈ្មោះវរុណៈ នៅទិស ឥសានដើម្បីឱ្យទេវរាជនេះនាំដំណឹងទៅក្រាបទូលព្រះឥន្ទ្រាធិរាជ ។វរុណទេវរាជរំពឹងឃើញថា“កា រនេះមិន ចាំបាច់ទៅក្រាបទូលព្រះឥន្ទ្រាធិរាជទេ ព្រោះកុមារីទាំង៣នេះ ត្រូវក្លាយខ្លួនទៅ ជាសត្វបក្សី” ហើយបង្គាប់ថា “ត្រូវអ្នកឯងជួយការពារ កុមារីទាំង៣ឱ្យ មធ្យ័តកុំឱ្យសត្វសាហាវ បៀតបៀនបានទម្រាំវាក្លាយខ្លួនទៅជាសត្វ បើវាឃ្លានអាហារ ត្រូវនិម្មិតជាត្រីក្រឹម ទន្សាយ ខ្យងខ្ចៅ ដាក់ក្នុងត្រពាំងមួយឱ្យវាស៊ីទៅ”។ អារក្ខទេវតាត្រលប់មកវិញក៏ធ្វើតាមបង្គាប់វរុណទេវរាជ ។ឯកុមារី ទាំងបីនាក់នោះនៅចាំស្រូវបានបីយប់បីថ្ងៃ ក៏អស់អង្ករពីចាន ដែលម្តាយទុកឱ្យស៊ីប្អូនយំរកបាយស៊ី បងបានដើរទៅបេះស្លឹកថ្នឹង ចូលទៅក្នុងថ្លុកក្តិចត្រួយត្រកួន និងដើមអំពៅដៀបយកមកចែក គ្នាស៊ី ប្អូនបង្អស់ចេះតែស្រែកយំ បងក៏នាំគ្នាចុះទៅចាប់ត្រីក្រឹម ទន្សាយធំមួយ បានមកប្រុងដុតស៊ី តែភ្លើងដែលម្តាយបង្កាត់ទុកឱ្យរលត់អស់ទៅ ក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់។ ប្អូនចេះតែយំ កន្ទក់កន្ទេញចង់ទៅផ្ទះ បងថាមិនហ៊ានទៅទេខ្លាចម៉ែវាយ តែប្អូនទាំង២ស្រែកយំខ្លាំងពេកបងទ្រាំ ពុំបានក៏នាំទៅផ្ទះ ។ឯម្តាយកាលបើឃើញកូនស្រីបណ្តើរគ្នាមកដូច្នេះក៏មួរម៉ៅស្រែកជេរពីលើផ្ទះថា “មេកូនចង្រៃ ! អញថា យកវាទៅប្រោសចោលឱ្យស្លាប់ព្រាត់ប្រាស់អស់ទៅឥឡូវ មិនស្លាប់បែរជានាំគ្នា ត្រលប់មកវិញ អញវាយសម្លាប់ឥឡូវហើយ អញមិនឱ្យហងឡើងផ្ទះសំបែងទេ” ។ នាងបងអង្វរថា “សូមអ្នកម្តាយ អាណិតកូនផងចុះ ព្រោះប្អូនចេះតែយំឃ្លានបាយ អត់២-៣ថ្ងៃមកហើយស៊ីតែស្លឹកឈើ ជំនួយបាយភ្លើងក៏រលត់អស់បើម៉ែមិនឱ្យកូននៅកូនសូមតែអង្ករនិងភ្លើងត្រឡប់ទៅវិញសូមម្តាយកុំ ធ្វើបាបកូន កូនសូមទោស”។ឯកូនប្អូននិយាយប្រាប់ម្តាយថា “ម៉ែ ! បងចាប់បានសាយស៊ីអែត” ម្តាយឮកូនប្រាប់ថា “ចាប់បានទន្សាយស៊ីឆ្អែត” ក៏រឹតតែមួរម៉ៅខ្លាំងណាស់ទៅទៀត ជេបញ្ចោរថា “មេកូនចង្រៃ ! វាបានទន្សាយ ចែកគ្នាស៊ី ម្តេចមិនយកឱ្យអញស៊ីផង”។ និយាយតែប៉ុណ្ណេះក៏ស្ទុះ ទៅវាយកូនទាំងបីនាក់ ធាក់ច្រំបណ្តេញឱ្យទៅព្រៃវិញ របស់អ្វីបន្តិចបន្តួចក៏មិនឱ្យសោះ ប៉ងឱ្យតែ ស្លាប់បាត់បង់ទៅ ។ គួរឱ្យអាសូរកុមារីទាំង៣នាក់នោះពន់ពេក ម្តាយ វាយបែកឈាមហូរសស្រាក់ ក៏នៅតែមិនបាត់វាចាថា “ម៉ែៗ !” ឥតដឹងថាម្តាយប្រុងសម្លាប់ខ្លួនចោលសោះ។ ឯកុមារីប្អូនចេះតែ អួតប្រាប់ម្តាយថា “បានសាយស៊ីអែតៗ ” ។ ម្តាយឮដូច្នេះរឹតតែវាយខ្លាំងថែមទៀត ។នាងបងប្រឹង អូសទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថា បើទ្រាំនៅ មុខតែម្តាយសម្លាប់មិនខាន ហើយនាំគ្នា ទៅនៅក្នុងខ្ទមដដែល ដោយគ្រាំគ្រាដោយម្តាយវាយសំពងក៏សន្លប់បាត់ស្មារតី ទាំងបីនាក់ ។
អារក្ខទេវតា កាលបើឃើញដូច្នោះ ក៏យកទឹកមកប្រោះព្រំកុមារីទាំង៣នាក់ឱ្យមានស្មារតីឡើងវិញ ។ កុមារីទាំងបីនាក់ លុះដឹងស្មារតីឡើងវិញ ស្រែកទ្រហោយំទាំងអស់គ្នា ឯនាងបងក៏ចុះទៅ ចាប់ត្រី ក្រឹមទន្សាយនិងរាវរកខ្ចងមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថ្ងៃ ត្រីនិងខ្ចងខ្ចៅចេះ តែមានមិនអស់ ព្រោះទេវតានិម្មិតអោយ កាលណាថ្ងៃក្តៅល្អ ស្រង់មកហាលឱ្យតែក្រៀមៗវាយ បំបែកហែកចែកគ្នាស៊ីទៅ ។
នាងបងនិយាយកៀកកប្អូនលួងលោមថា ៖ “អូនអើយ ! យើងទាំង៣នាក់នេះពុំបានជួបមុខម៉ែទៀតទេ ព្រោះគាត់មានប្តីថ្មីទៀត បានជាគាត់ស្អប់យើង ហើយរករឿងសម្លាប់យើងចោល យើង កុំសង្ឃឹមថា មានជីវិតរស់នៅតទៅមុខទៀត ណាមួយសំពត់ អាវមានតែមួយម្នាក់សំរាប់ស្លៀកដណ្តប់ ឥឡូវនេះដាច់ អស់ហើយ តទៅមុខយើងនឹងរងារអោប ក្បាលជង្គង់ ហើយនឹង អាក្រាតកាយ នៅតែខ្លួនទទេ ដូចសត្វតិរច្ឆាន”។អំពីពោតដែលនាងបានដាំ ជុំវិញភ្លឺត្រពាំងនោះបាន៣ខែមានផ្លែចាស់ខ្ចី សត្វជ្រូក ក្តាន់ ស្វា កំប្រុក ពុំហ៊ានទៅស៊ីឡើយព្រោះ អារក្ខទេវតាតែងថែរក្សា នាងបងតែងទៅបេះយកមកបរិភោគ ជាមួយនិងត្រីក្រឹម ទន្សាយហើយ និងខ្យងខ្ចៅ។ លុះបាន៦ខែ កុមារីទាំង៣នាក់ស្រាប់តែដុះរោមចេញពេញខ្លួន ដៃសងខាងដុះចេញ ទៅជាស្លាបទទះហើរទៅដល់ចុងឈើចាប់ប្រតោង បេះផ្លែ ឈើបានទាំងអស់គ្នា តែហើរទៅឆ្ងាយពុំរួច បបូរមាត់ដុំចេញទៅជាចំពុះ រីឯមាត់និយាយភាសាមនុស្សពុំកើត គ្រាន់តែដឹងខ្លួនថាខ្លួននៅជា មនុស្សតែដល់និយាយ ទៅជាសំលេងសត្វ យូរៗទៅកាន់តែហើរបានឆ្ងាយបន្តិចម្តងៗព្រោះតាំងពី បបូរមាត់ដុះចេញទៅជាចំពុះ មិនដែលនិយាយភាសាមនុស្សសោះតែបើមនុស្សនិយាយទៅរកអាច ស្តាប់បាន ។
       ឯប្តីចុងរបស់នាងជាម្តាយនៃកុមារីទាំងនោះ តែងប្រព្រឹត្តិអំពើចោរកម្មជានិច្ច ។ថ្ងៃមួយអ្នកជិត ខាងគេប្តឹងដល់រាជការៗក៏ចាប់យកទៅដាក់គុកអស់មួយ ជីវិតទៅ ។ ពេលនោះនាងជាម្តាយដេក ព្រួយចិត្តនឹកអាណិតដល់កូនកំសត់ទាំងបីនាក់ដែលខ្លួនបានធ្វើទុក្ខ បុកម្នេញហើយដើរទៅក្នុង ព្រៃឃើញកូននៅរញង់ក្នុងខ្ទម ស្គាល់ច្បាស់ជាកូនព្រោះមានទម្រង់ ជាមនុស្សនៅឡើយ តែដុះស្លាប មានចំពុះ ដូចសត្វតិរច្ឆាន ក៏ស្រែកហៅថា “កូនអើយ ! ឥឡូវម្តាយមកទទួលកូនទៅវិញម្តាយលែង ឱ្យកូននៅក្នុងព្រៃទៀតហើយ”។កូនទាំង៣នាក់ឮមាត់ម្តាយហៅ ស្គាល់ជាក់ជាម្តាយក៏គិតថា “ម៉ែយើងមករកសម្លាប់យើងទៀតហើយ ត្រូវយើងកុំទុកចិត្តគាត់ យើងនាំគ្នាហើរទៅល្អជាង” គិតដូច្នោះ ក៏នាំគ្នាហើរ ត្រសងទៅ ទំលើចុងឈើខ្ពស់១ដើម ស្រែកប្រាប់មកម្តាយ ដោយបំណង និយាយថា “យើងផុតនិស្ស័យជាកូនលោកហើយ យើងទៅជាសត្វតិរច្ឆានល្អជាង អ្នកកុំមកជិតយើង” ប៉ុន្តែសំដីដែលស្រែកប្រាប់មកម្តាយនោះមិនច្បាស់លាស់ជាសំដី មនុស្សទេ ទៅជាស្រែកថា “កូនលោកៗ” ។ ម្តាយចេះតែដើរស្រែកហៅកូនទាំងបី ទាល់តែអស់កំលាំងដើរពុំរួចណាមួយ អស់អាហារ បរិភោគផងក៏ដួលស្លាប់ទៅ ។នៅប្រទេសកម្ពុជា សត្វនេះវាតែងតែហើរមក រើសខ្ចងខ្ចៅស៊ីតាមវាលស្រែ ក្បែរជើងភ្នំ ឬព្រៃស្រោង កាលណាវាផ្អើលនឹងមនុស្ស ឬសត្វដូចគ្នា វាស្ទុះហើរស្រែកយំឮថា កូនលោក កូនលោក ! លុះរាត្រីស្ងាត់វាថ្ងួចថ្ងូរមុខគួរឱ្យស្រណោះពន់ពេក ។

About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

General