Button Text! Submit original article and get paid. Find out More

Sunday, September 6, 2015

រឿង : ក្មេងកំព្រា

Game Pro Generator  |  at  2:21 PM  |   |  No comments

កាលពីព្រេងនាយមានបុរសកូនអ្នកស្រែម្នាក់ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុយយកត្រីមកលក់ដូរ ប៉ុណ្ណោះ។ បុរសនោះ មានកូនប្រុសពីរនាក់កូនបងអាយុ១៣ឆ្នាំកូនប្អូនអាយុ១១ឆ្នាំ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយ នឹងកូនទាំងពីរ ហើយរកស៊ីចិញ្ចឹមកូនតែនឹង ដាក់ជុចដដែល ។ វេលាដែលបុរសនោះ ទៅព្រៃ រកវល្លិ៍ផ្តៅធ្វើជុច តែងយកកូនបងទៅជាមួយ,ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។ថ្ងៃមួយ កូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិ៍ផ្តៅធ្វើជុចពេកណាស់ព្រោះចង់ដឹងថា តើឪពុកធ្វើជុចយ៉ាងណាខ្លួនមិនដែលឃើញសោះក៏និយាយប្រាប់ឪពុកថា «ឪ! ខ្ញុំមិនហ៊ាននៅផ្ទះតែ ម្នាក់ឯងទេ ខ្ញុំខ្លាចណាស់! សូមយកខ្ញុំទៅព្រៃជាមួយផង» ។ ឪពុកក៏ព្រមយកកូនប្អូនទៅជាមួយ ។ លុះទៅដល់ព្រៃឪ ពុកក៏ខំប្រឹងរកបោចវល្លិ៍ផ្តៅបានហើយ យកមកពុំច្រៀកជាចម្រៀតតូចៗល្មម នឹងធ្វើជាសរសៃជុយ គាត់ក៏រែងធ្វើជាជុចទៅ ។កូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសព្វៗថ្ងៃ មិន ដឹងជាឪពុកធ្វើជុចយ៉ាងណាឡើយព្រោះ មិនយកចិត្តទុកដាក់នឹងការងារនោះសោះគ្រាន់តែបានឃើញជុចជាប់ត្រីប៉ុណ្ណោះ។ ឯកូនប្អូនដែល ទើបតែនឹងបានតាមទៅក្នុងថ្ងៃនោះក៏ខំពិនិត្យមើលឪពុកធ្វើជុចចាប់តាំងពីកាន់កាំបិតយកទៅ កាប់វល្លិ៍ផ្តៅ រហូតដល់កើតជារាងជុច យកទៅដាក់ត្រី ជាប់បានត្រីហើយ យកត្រីមកដុតមកអាំង ចម្អិនជាចំណីអាហារ ។ ជួនជាថ្ងៃមួយនោះ ឪពុកភ្លេចមិនបានយកដែកភ្លើងទៅគ្មានអ្វីនឹងបង្កាត់ ភ្លើង អាំងត្រីឲ្យកូនបរិភោគ ក៏ទៅកាប់ឫស្សីស្ងួតមួយកំណាត់ យកមកកូតនឹងគ្នាឲ្យទាល់តែក្តៅ កើតជាភ្លើងឆេះបាន ហើយគាត់បង្កាត់អាំងត្រី ឲ្យកូនទាំងពីរនាក់បរិភោគចម្អែតផ្ទៃមួយពេលទៅ ។ចំណេរចេរកាលមកខាងក្រោយ ឪពុកមានជំងឺជាទម្ងន់ ស្លាប់ទៅ ។ កូនទាំងពីរនៅកំព្រារញង់ ឥតមេបានឹងចិញ្ចឹមបីបាច់ថែរក្សា រស់នៅដោយទ្រព្យបន្តិចបន្តួចដែលសល់ពីឪពុកមិនយូរថ្ងៃខែ ប៉ុន្មានក៏អស់ទ្រព្យនោះទៅ ទើបប្អូននិយាយនឹងបងថា «ឱបងអើយ! កាលពីដើមយើងបានឪពុក ទំនុកបម្រុង រកស៊ីចិញ្ចឹមយើងទាំងពីរនាក់យើងឥតមានសេចក្តី ព្រួយលំបាកអ្វីឡើយចាំតែ បរិភោគស្រាប់ៗ ឥឡូវនេះឪពុកយើងស្លាប់ចោលទៅហើយ ឯយើងទាំងពិរនាក់សោតទៀតក៏មិន ទាន់ពេញកម្លាំងល្មមនឹងរកស៊ីចិញ្ចឹមជីវិតបានដោយខ្លួនឯងទាំងបងក៏នៅតូចទាំងខ្ញុំក៏នៅតូច នឹងទៅរកស៊ីឈ្នួលជួលព័ទ្ធអ្នកជិតខាង ក្រែងគេមិនព្រមទទួល ពីព្រោះយើងជាមនុស្សកំព្រាអនាថា រកទីពឹងគ្មាន គេមិនហ៊ានឲ្យនៅជាមួយ គេមិនទុកចិត្តយើង ហេតុតែយើងគ្មានមេបាថែរក្សា បើដូច្នេះ តើបងគិតយ៉ាងណា ឲ្យបានរស់នៅជាមួយនឹងគេឯង បង! អង្ករយើង ថ្ងៃនេះនៅតែ ១ ទូកដៃ ល្មមតែល្ងាចនេះ, ថ្ងៃស្អែកគ្មានអង្ករដាំបាយបរិភោគទេ, បង! ដើរសូមទានគេឬដូចម្តេចហ៎ះ! ខ្ញុំមិនទៅសូមទេខ្មាសគេណាស់ ស៊ូតែពីស្លាប់» ។ បងសួរប្អូន «ម្តេចក៏អូនថាយ៉ាងនេះ?» ។ ប្អូនឆ្លើយតបទៅនឹងបងថា «ខ្ញុំមានដៃពីរជើងពីរ គំនិតមារយាទ ដូចអ្នកទាំងពួងដែរ» ។ «ឱ! ប្អូនឯងគិតយ៉ាងហ្នឹង? ពិតមែនតែមានដៃពីរជើងពីរ គំនិតមារយាទដូចអ្នកទាំងពួងមែនហើយ តែខ្លួនយើងនៅតូចណាស់ មិនអាចនឹងពុនរែក កាប់គាស់ លីសែងអ្វីបានឡើយ » ។«ឱ! បងអើយ សត្វចាបវាដែលទៅពុនរែក លី សែងឯណាដែរឬ? ម្តេចក៏វាចិញ្ចឹមកូនវារស់ ហើយកូនវាទៀត ធំឡើងរកស៊ីដូចមេវាទៀតបាន, ចុះបង ម្តេចក៏មិនគិតដល់ការងាររបស់ឪពុកយើងផង ?» ។ «ប្អូន! លាក់បាំងអី្វ! កាលពីខ្មោចឪយើងនៅរស់នៅឡើយ គាត់រកស៊ីចិញ្ចឹមយើងតែនឹងដាក់ជុចប៉ុន្តែបង មិនដឹងថាគាត់ធ្វើជុច យកទៅដាក់ត្រីយ៉ាងណាទេ បងចាំតែឆ្អិនតែប៉ុណ្ណោះ ។ម្យ៉ាងទៀតកាលគាត់ យករបស់អ្វីមកធ្វើជុចក៏បងមិនចាំហើយគាត់ធ្វើជុចនោះមានសណ្ឋានបែបណាក៏បងមិនដឹងទាំង អស់, បើដូច្នោះ ឲ្យបងធ្វើដូចម្តេចកើត ឃើញតែការសំទានរកស៊ីឈ្នួលគេហ្នឹងហើយដូចជាស្រួល គ្រាន់បើ ប្អូន! ណ្ហើយចុះ! កាត់កេរ្តិ៍ខ្មាសសិនទៅចុះ ទម្រាំយើងធំល្មរកស៊ីខ្លួនឯងបាន! ។ «ទេ!បង ខ្ញុំមិនទៅសូមទានឬស៊ីឈ្នួលគេទេ ខ្មាសគេណាស់ ពីព្រោះពូជយើងមិនដែលសុំទានឬស៊ីឈ្នួល គេបើទុកជាពីជីតាទួតលួតលាមក ធ្លាប់សុំទាន ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើដូចជាសត្វតិរិច្ឆាន ក៏ដោយ ខ្ញុំមិនព្រមប្រព្រឹត្តតាមបវេណីវង្សត្រកូលនោះដែរ, នៃបង! ប្អូនគិតឃើញថាកាលបើមាន អ្នកសម្បុរសចិត្តល្អ ដាក់ទានឲ្យយើង ឬ ក៏បានទៅច្រកកោននឹងចៅហ្វាយនាយយើងក៏បានស្រួល បន្តិចទៅ, តែបើប្រទះពារទៅលើអ្នកចិត្តតក់ម៉ក់អាក្រក់សំឡក់ភ្លែកស្លែ ដូចភ្នែកមៀមគំហក គំរាមយើងដូចសត្វតិរិច្ឆាន តើយើងយកមុខទៅទុកឯណា? ម្យ៉ាងទៀត អ្នកចិត្តល្អក្តីអ្នកចិត្ត អាក្រក់ក្តី កាលគេហុចរបស់មកឲ្យយើងដោយដៃគេ យើងយកដៃទៅទទួលទានគេ ចុះដៃជាដៃ ជើងជាជើងមាត់ជាមាត់ ដូចគ្នាទាំងអស់ ម្តេចក៏ដៃគេគ្មានសំពេះសុំអ្នកណា? មាត់គេមិនហានិយាយសុំអ្នកណា? អន់អ្វីតែដៃជើងមាត់យើងជាងគេម្ល៉េះ ? បងគិតមើលចុះ ប្អូនថាប៉ុណ្ណេះខុសឬត្រូវ?» ។
«បើដូច្នោះ ប្អូនចេះចាំការងាររបស់ឪពុកយើងដែរឬ? »បងសួរទៅប្អូនវិញ ។ «អើ! មិនងីទេបង! ប្អូនចាទាំងអស់, បងកុំព្រួយ! កុំគិតទៅសូមទាន ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើ វាថោកខ្លួនណាស់ យើងនេះមិនមែនជាសត្វតិរិច្ឆាន គេវាយឯកើតវាយឯលិចដូចសុខនពេកទេឪពុកគាត់ទុក កាំបិតព្រាឲ្យមួយដែរតើ! យើងទៅព្រួយង្វី សត្វបើគ្រាន់ចិញ្ចឹមជីវិតមួយប៉ុណ្ណឹង ។ «អើ! បើយ៉ាងហ្នឹង ប្អូនគិតការងារឪពុកទៅចុះ ។ ឯប្អូនជាក្មេងមានប្រាជ្ញា ក៏ប្រារព្ធធ្វើជុចកើតយកទៅដាក់ត្រីបាន ដូចបំណង ។ លុះថ្ងៃក្រោយកន្លងមកទៀត ប្អូនអង្គុយគិតតែម្នាក់ឯងមិនចេញវាចាប្រាប់បង សោះថា «ឪពុកអញ គាត់ចេះធ្វើជុចដាក់ត្រីប៉ុណ្ណោះ ឯសត្វឯទៀតៗ គាត់ដាក់ជុចមិនបានឃើញថា ប្រាជ្ញាគាត់នៅខ្សោយណាស់, បើដូច្នោះ អញរកឧបាយនឹងធ្វើជុចដាក់សត្វម្រឹគ មានសត្វជ្រូកព្រៃ ឈ្លូស រមាំងជាដើម» ។ លុះគិតឃើញដូច្នោះហើយក៏និយាយប្រាប់បង «បង! យើងគិតទៅរកដាក់ជុច ឯព្រៃវិញ ក្រែងបានជាប់ជ្រូកព្រៃ ឈ្លូស រមាំង ជាសត្វធំ ៗ មានសាច់ច្រើន» ។ បងក៏សុខចិត្តតាមប្អូនទាំងអស់ ព្រោះយល់ឃើញថា ប្អូនចេះចាំកិច្ចការរបស់ឪពុកពិតប្រាកដមែន, ហើយក៏បណ្តើរគ្នាពិរនាក់បងប្អូន ចូលទៅក្នុងព្រៃស្រោងជាទីរហោស្ថាន ។ ទៅដល់ពាក់កណ្តាលព្រៃ បងស្រេកទឹកយ៉ាងខ្លាំង ក៏និយាយប្រាប់ប្អូនថា «ប្អូន! បងស្រេកទឹកណាស់! រកទឹកឯណាផឹកបាន?» ។ ប្អូនឆ្លើយថា «កាលឪពុកយើងរស់នៅ បើដើរទៅទីណាដែលគ្មានទឹកគាត់តែងជីដីត្រង់កន្លែងណា សើមៗ យូរៗទៅ ចេញទឹកបាន, បើដូច្នេះ បងជីលមើល!» ។ «ជីកឯណាកើត បើអស់កម្លាំងយ៉ាងនេះ» ។ «អើ! បើដូច្នោះ ចាំដើរទៅខាងមុខបន្តិចសិន ក្រែងជួនប្រទះទឹក» ។ ដើរបានបន្តិចទៅក៏ជួប ប្រទះត្រពាំងមយយមានទឹកថ្លា ពាសពេញដោយផ្កាឈូកផ្លែឈូក បងប្អូទាំងបិរនាក់ ក៏នាំគ្នាងូតទឹក ផឹកទឹក បេះផ្លែឈូកស៊ីតាមសប្បាយហើយក៏ទៅសម្រាននៅក្បែរមាត់ត្រពាំងនោះ មួយស្របក់ ។ លុះមានកម្លាំងល្មនឹងដើរទៅទៀតបាន ក៏នាំបងប្អូនដើរទៅ ទៅដល់ព្រៃធំមួយ ឈ្មោះព្រៃហិមពាន្ត មិនដែលមានមនុស្សណាទៅដល់សោះ បានឃើញពួកសត្វម្រឹគជាច្រើននៅអាស្រ័យក្នុងព្រៃនោះ ប្អូននិយាយនឹងបងថា «បង! យើងឈប់នៅក្នុងព្រៃនេះហើយមើលទៅព្រៃនេះសម្បូណ៌សត្វ ម្រឹគិម្រឹគាណាស់, យើងគិតធ្វើជាធ្នះមួយនៅលើចុងឆើ ហើយខ្ញុំរកផ្តៅមកធ្វើជុចដាក់សត្វទាំងនោះ យកមកធ្វើជាចំណីអាហារ» ។ ប្អូនធ្វើហើយ ឲ្យបងនៅអាស្រ័យលើធ្នេះនោះទៅ ខ្លួនទៅរកបោចផ្តៅ យកមកធ្វើជុចដាក់សត្វព្រៃ រៀបធ្វើជាចំណារចារជុំវិញព្រៃ ហើយទុកតែផ្លូវ១ល្មមសត្វនោះដើរចូល បាន ដូចជាធ្វើកន្លែងដាក់ត្រីដែរ ។ ពេលនោះ មានជ្រូកព្រៃមួយដើរសំដៅពីនាយមកហាក់ដូចជា គ្មានកោតក្រែងដល់អ្វីសោះ ដើរមកតាមចន្លោះផ្លូវដែលកុមារនោះចារ ទៅដល់ត្រង់កន្លែងដាក់ជុច ក៏ស្រាប់តែជាប់គ្នុងជុចកុមារ។
ជ្រូកនោះខំបម្រះននៀលរើយ៉ាងណាក៏មិនរួច ជុចរឹតរួតជ្រូកព្រៃនោះយ៉ាងតឹងស្ទើរតែដកដង្ហើម មិនរួច។ មិនយូរប៉ុន្មានជ្រូកនោះក៏ដាច់ខ្យល់ស្លាប់ទៅ។ កុមារទាំងពីរឃើញជ្រូកព្រៃជាប់ជុចស្លាប់ ដូច្នោះហើយ ក៏ត្រេកអរពេកណាស់ នាំគ្នាដោះអូសចេញពីជុច គិតយកមកអាំងឆ្អើរធ្វើជាអាហារ បរិភោគ ។ ជូនជាវេលានោះ ដែកភ្លើងដែលដាក់ក្នុងហោប៉ៅអាវបង ក៏អស់ប្រឆេះរលីងគ្មានអ្វីធ្វើ ភ្លើងនឹងបង្កាត់អាំងឆ្អើរជ្រូក, បងទាល់គំនិត មិនដឹងគិតធ្វើយ៉ាងណា ។ ឯប្អូនជាក្មេងមានគំនិត បានដឹងជាក់ប្រាកដពីកាលឪពុកនៅ នាំទៅព្រៃ បើគ្មានភ្លើងបង្កាត់ចម្អិនអ្វីៗគាត់តែងទៅកាប់ ឫស្សីស្ងួតមកកួតគ្នា ឲ្យកើតជាភ្លើង ដុតអាំងបានតាមប្រាថ្នា ហើយបានចាំទុកក្នុងចិត្តរួចស្រេច ។ វេលានោះ ប្អូននិយាយប្រាប់បងថា «កាលពីឪពុកយើងគាត់នៅបើគាត់ទៅព្រៃគ្មានភ្លើងដុតអាំង អ្វីៗ គាត់គាប់ឫស្សីយកមកកួតគ្នា ឲ្យកើតជាភ្លើងបាន, បើដូច្នោះ បងទៅចាំសត្វក្នុងទីនេះចុះ ខ្ញុំទៅរកកាប់ឫស្សីស្ងួតយកមកកួតធ្វើភ្លើងអាំង» ថាតែប៉ុណ្ណេះហើយ ក៏ទៅរកកាប់ឫស្សីបានយក មក ធ្វើតាមតម្រាឪពុកកើតមែន អាំងឆ្អើរជ្រូកនោះទៅតាមបំណង ឆ្អិនបានបរិភោគក្នុងវេលា នោះទៅ ។កុមារទាំងពីរនៅអាស្រ័យក្នុងព្រៃនោះអស់កាលជា យូរបានសេចក្តីសុខ សប្បាយ រកស៊ី តែនឹងដាក់ជុចសត្វព្រៃប៉ុណ្ណោះ ។ ពួកសត្វដែលដើរមកជាប់ជុចកុមារទាំងពីរនោះ តាំងតែពី សត្វជ្រូកព្រៃ រមាំង ឈ្លូស រហូតដល់ដំរី ។ រាត្រីមួយ កុមារប្អូនបានឃើញដំរីស្តរមួយយ៉ាងធំដើរ ក្បែររធ្នះនោះ ក៏មានបំណងចង់ស៊ីសាច់ដំរី ទើបនិយាយប្រាប់បងថា «ខ្ញុំចង់ស៊ីសាច់ដំរីណាស់ ត្បិតមានដំរីស្តមួយយ៉ាងធំធាត់ ដើរមកក្បែរធ្នះយើងរាល់រាត្រី ខ្ញុំគិតដាក់ជុចយកដំរីនេះឲ្យបាន» ។ បងនិយាយឃាត់ថា «ណ្ហើយប្អូន កុំ!ដំរីនេះធំណាស់ ប្អូនដាក់វាមិនជាប់ទេឬថាប្រសិនជាវាដើរមក ជាប់ជុចប្អូនហើយ វាបម្រះត្រដររួចទៅនោះ វាខឹង, កាលបើវាខឹងហើយ ថ្ងៃក្រោយវាមកព្រេចធ្នះ យើង, ល្អិតល្អោចខ្ទេចខ្ទី ហើយវាជាន់សម្លាប់យើង ស៊ីជាចំណីអាហារ ពុំលែងឡើយ» ។ «ទេ មិនអីទេបង កុំព្រួយ! នៅឲ្យតែស្ងៀមទៅចុះ ចាំមើលខ្ញុំធ្វើជុចដាក់ដំរីនេះឲ្យទាល់តែបាន » ។ ប្អូនថាដូច្នោះហើយ ក៏រកកាប់ផ្តៅក្រែកយ៉ាងធំៗ យកមករែងធ្វើជុច ដាក់ត្រង់កន្លែងដែលដំរីគោចរ ។
ឯដំរីដែលដើរមកសព្វរាត្រី ឥតមានគិតក្រែងអ្វីសោះឡើយ ដោយគិតថា «ព្រៃនេះ ស្រេចលើអញ ហើយ គ្មានអ្នកណាជាចំបងលើអញទៀតទេ» ក៏ដើរតម្រង់ត្រង់ មកកន្លែងដែលកុមារដាក់ជុច ស្រាប់តែចូលទៅក្នុងជុច ជាប់ខ្លួនចង្អៀតណែនក្តន់ ខំបម្រះននៀលស្រែករោទិ៍រំពងព្រៃធំយ៉ាងណា ក៏មិនរួច, មិនយូរប៉ុន្មានដាច់ខ្យល់ស្លាប់ទៅ ។ កុមារទាំងពីរនាក់ បានឃើញដំរីជាប់ជុចស្លាប់ហើយ បបូលបងប្អូនបំពក់ភ្លើងភ្នក់យ៉ាងធំ ដុតឆ្អើរដំរី ។ វេលានោះ ក្លិយឈ្ងុយសាច់ដំរី ក៏ផ្សាយរហូត ភពជាទីអាស្រ័យនៃយក្ស ដែលមានអំណាចគ្របសង្កត់ពួកយក្សឯទៀតៗ ។ យក្សនោះលាន់មាត់ថា ថ្ងៃនេះធុំក្លិនអ្វី ក៏ឈ្ងុយឈ្ងប់ម្ល៉េះ? មានអ្នកណាឆ្អើរសាច់ឯណាអេះ? បើដូច្នេះ អញនឹងទៅរកមើល ក្រែងបានមួយចម្អែត ពីព្រោះសាច់នេះក្លិនឆ្ងាញ់ណាស់ ហើយដោយស្មានទៅប្រហែលជាច្រើនផង បានជាធុំក្លិនផ្សាយមកដល់ទីអញយ៉ាងនេះអញទៅគំរាមយកស៊ីទាំងអស់ កុំឲ្យអ្នកឆ្អើនេះនោះ វាបានស៊ី » គិតដូច្នេះហើយ ក៏ចាប់យកដំបងពេជ្រ គ្រវីហោះឡើង លើអាកាសវេហាស៍ងាកមើល ចុះឡើង ឃើញផ្សេងហុយៗ ត្រង់ព្រៃធំ ក៏ហោះចុះសំដៅទៅត្រង់កន្លែងផ្សែងនោះ ក្រឡេកមើលទៅ ឃើញក្មេងតូចពីរនាក់កំពុងឆ្អើរដំរី, គិតថា«ថ្ងៃនេះ ពេញជាមហាលាភហើយ បានទាំងចំណី បានទាំងម្ចាស់, បើដូច្នេះ តើអញនឹងស៊ីដំរីមុន ឬស៊ីក្មេងមុនអេះ? បើស៊ីដំរីមុនក្រែងក្មេង នេះវាភ័យនឹងអញ រត់ពួនបាត់តៅ ឥឡូវនឹងស៊ីក្មេង គ្មានអ្វីគ្រាន់ធ្វើជាបង្អែមសម្រាប់លាងមាត់ ខាងក្រោយ» ។នៅទីបំផុតនោះ យក្សសម្រេចចិត្តថា«ណ្ហើយ! អញស៊ីដំរីមុនចុះទុកក្មេងស៊ីក្រោយ ជាបង្អែមវិញ ទើបជ្រះមាត់ស្រួល, ក្មេងនេះ វាមិនមែនរត់ពួនទៅឯណាឡើយទុកជាវារត់ពួន កន្លែងណាក៏មិនកំបាំងនឹងភ្នែកអញដែរ, វាមកពីស្រុកភូមិរបស់មនុស្សលោក ចូលមកដល់ព្រៃនេះម្ល៉េះហើយ វារត់ទៅណានឹងរួច» ទើបយក្សចូលទៅគម្រាមកុមារដែលកំពុង ឆ្អើរដំរីនោះថា « វ៉ីអាក្មេងច្រមក់! អាឯងមកពីណា? ដើរចេញឲ្យឆាប់» ។ កុមារទាំងពីរដើរចេញពី ទីនោះទៅ ។ ប៉ុន្តែ កុមារបងមានសេចក្តីភិតភ័យតក្កមា ព្រោះខ្លួនស្គាល់ច្បាស់ជាយក្សហើយ បានដឹង ប្រាកដអំពីសម្នាក់ចាស់ៗ គេនិយាយប្រាប់ថា «យក្សខ្លួនធម មានចង្កូមពីរ សម្រាប់ស៊ីមនុស្សលោក» តែមិនចេញវាចាប្រាប់ប្អូនឡើយ ។
ចំណែកខាងកុមារប្អូនគិតថា «មនុស្សនេះមកពីណា រូបរាងធំគម្រាំង ធ្មេញធំៗ សស្ងាចប៉ុនៗចប កាប់ ភ្នែកឡើងក្រឡោតៗ ក្រហមត្លែត ដូចភ្នែកអាអូត ស្បែកមុខឡើងគគ្រីតគគ្រាត ដូចស្បែក គីង្គក់ ដងខ្លួនដូចក្របីដេកភក់ សំឡេងឮគ្រក់ៗ ដូចជាទឹកដក់ក្នុងរន្ធឈើ ដុះពុកមាត់ពុកចង្កា ស្រមេមស្រមាម ដូចបីសាចរាជភូត, អានេះប្រហែលជាមិនខ្លាចកោតញញើតចិត្តអញទេបានជា ហ៊ានមកនិយាយកំហែងអញដូច្នេះ, មិនអីទេ! អាឯងព្រហើនហ៊ានស៊ីដំរី» ។
កុមារប្អូនថយចេញពីកន្លែងនោះមិនឆ្ងាយប៉ុន្មាន ទៅឈរមើលយក្សស៊ីដំរី តែក្នុងចិត្តនឹកខ្នាញ់ពេក ណាស់ មិនទាន់ចេញស្តី ថាដូចម្តេចៗឡើយ គ្រាន់តែនឹកក្នុងពោះប៉ុណ្ណោះ ។ ពេលនោះយក្សសួរថា «នៃអាក្មេង! អាឯងធ្វើដូចម្តេច បានជាបានដំរីនេះយកមកឆ្អើរ?» ។ ពេលនោះកុមារតូចបានឱកាស ក៏ឆ្លើយតបទៅយក្សវិញថា «ពូឯងសួរចង់ដឹងអ្វី? គិតតែបរិភោគទៅចុះ! កុំចាំបាច់ដឹងហេតុការណ៍អ្វីឡើយ» ។ «យើ! អាច្រមក់! ប្រាប់ឲ្យឆាប់ៗ អញស៊ីអាឯងឥឡូវនេះហើយ» យក្សសួរគំរាមកុមារតូច ។ «អើ! ដំរីនេះ វាដើរមកជាប់ជុចខ្ញុំ» កុមារឆ្លើយតបនឹងយក្ស ។
«យីអើ! អាឯងធ្វើជុចដូចម្តេចក៏ដាក់ដំរីបាន អាឯងនិយាយកុហកទេឬ? ក្រែងដំរីវាស្លាប់ខ្លួនវាទេដឹង? ហើយអាឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅ មើលអាឯងនិយាយ ឲ្យត្រង់កុំហុក តែកុហក អញស៊ីឯងទៀត ឥឡូវនេះមិនខាន» ។ «ខ្ញុំមិនចេះនិយាយកុហកទេ, ពូឯង មើលចុះ! ជុចខ្ញុំនៅឯណោះហ្ន៎» ។ «ប្រាកដជាអាឯងដាក់ជុចដំរីនេះបានមែន? » យក្សសួរសង្កត់សង្កិនកុមារ ។ «មែន» កុមារឆ្លើយតបយ៉ាងយកជុចមកហើយប្រាប់យក្សថា «ពូឯងចងដឹង ចូលទៅក្នុងជុចខ្ញុំលងមើល!» ។
ដោយហេតុតែការមើលងាយថា «សត្វបើជុចសរសៃរ៉ើងៗប៉ុណ្ណោះ អញគ្រាន់តែកម្រើក ក៏ដាច់ខ្ទេចខ្ទីដែរ» ថាហើយក៏ត្បុលក្បាលចូលទៅក្នុងជុច ផុតដៃផុតជើងទាំងអស់ ស្រាប់តែ ជុចរឹតរួតតឹងខ្លួនដូចគេចាក់ស្រែះ បម្រះននៀលបាក់ឈើព្រៃល្អឹតល្អោច ស្រែកទ្រហោរំពងព្រៃ, រឹទ្ធិយក្សដែលធ្លាប់ពូកែយ៉ាងណា ក៏ប្រមូលយកមកអស់ ថែមទាំងនឹកសូធ្យមន្តរបៀនសិល្បសាស្រ្ត ដែលធ្លាប់ចេះធ្លាប់រៀនមកប៉ុន្មាន ក៏នៅតែរើមិនរួចពីជុចនោះ រឹតតែតឹងឡើងៗ ស្ទើរនឹង ដាច់ខ្យល់រកតែស្តីនិយាយស្ទើរតែមិនរួច ។ យក្សទើបដឹងថា«ជុចក្មេងនេះ ពូកែមែន បើអញមិន និយាយអង្វរឲ្យវាស្រាយជុចនេះចេញទេ នឹងស្លាប់អាសារឥតការមិនខាន» ទើបនិយាយអង្វរកុមារថា «ឱលោកអើយ! កាលពីដើម ខ្ញុំមើលងាយជុចលោកដោយ គិតឃើញថា មើលទៅមិនល្មមនឹង កម្លាំងខ្ញុំសោះ, ហេតុតែសេចក្តីមើលងាយនេះហើយ បានជាខ្ញុំស្ទើរតែស្លាប់ខ្លួនយ៉ាងនេះ, ហេតុនេះ សូមលោកអាណិតខ្ញុំម្តងទៅចុះខុសម្តងឆ្គងមួយថ្ងៃ សូមលោកអធ្យាស្រ័យឲ្យតែរស់ជីវិត កុំឲ្យតែខ្ញុំស្លាប់» ។
ឯកុមារ បានឃើញយក្សបម្រះននៀលមិនរួចអំពីជុចរបស់ខ្លួនហើយ ថែមទាំងឮនិយាយអង្វរទៀត កាំបិតនៅដៃ និយាយតទៅនឹងយក្សវិញថា «ម៉េចអាឯងជឿអញទេ? ឥឡូវ មកធ្វើជានិយាយអង្វរ, ឯសាច់ដំរីអញ ឯងស៊ីអស់ ហើយគិតនឹងស៊ីអញទៀត អាឯងថ្លើមធំណាស់ អញមិនយកអង្វរអាឯង ទេ, ល្ងាចនេះ អញគ្មានអ្វីស៊ីសោះ ម្តងនេះអញស៊ីថ្លើមអាឯងហើយ ចុះមកបង! ទៅរកកាប់ឫស្សីមកធ្វើត្រណោត ដោតថើ្លមអាខូចនេះអាំងស៊ី» ។ បងក៏ចុះពីធ្នះមកទាំអភ័យញញីញញ័រដល់មកជិតប្អូនឃើញយក្សគួរ សម្បើម ក៏រឹងរឹតតែញាប់ញ័រ ។
ប្អូននិយាយថា «ឈប់បង! កុំញ័រចង់ស៊ីសាច់វាពេក ឈប់សិន! ចាំឆ្អិនសិន, ហ៎! ញ័រចង់អ្វីទៀតហើយ! កុំញ័រអ្វីពេក ហើយស៊ីឆៅមិនឆ្ងាញ់ទេ ហើមពោះពុងណា៎បង!» ។ យក្សឮសម្តីកុមារនិយាយនឹងបងដូច្នោះហើយ រឹងរឹតតែភិតភ័យស្លុតព្រលឹង ហើយនិយាយអង្វរ កុមារទៀតថា «ឱលោកម្ចាស់ថ្លៃអើយ! សូមលោកអាណិតខ្ញុំ យកតែបុណ្យម្តងទៅចុះ, ខ្ញុំនឹងជូនកន្លែងបក់កន្សែងបោយមយួ ឲ្យតែលោកលែងខ្ញុំឲ្យបានរស់មានជីវិត, ត្បិតខ្ញុំជាស្តេចយក្ស គ្រប់គ្រងអាណាប្រជានុរាស្រ្ត បើលោកឲ្យខ្ញុំស្លាប់ទៅសមជាស្រុកទេសរបស់ខ្ញុំអន្តរធានមិនខាន ទាំងកូនប្រពន្ធខ្ញុំទឪត ក៏ពុំមានទីពឹង» ។
កុមារប្អូនសួរបញ្ជាក់យក្សថា «ចុះឯងឲ្យកន្សែងបក់កន្លែងបោយដល់យើង កន្លែងនោះ បើបក់បោយ ទៅ អាចឲ្យសម្រេចប្រយោជន៍ដូចម្តេចខ្លះ?» ។ «តាមតែលោកចង់បានអ្វី បក់មក បានតាមប្រាថ្នា បើចង់ឲ្យបាត់ទៅវិញ គ្រាន់តែបោយថា ទៅវិញចុះ ក៏ស្រាប់តែបាត់អស់រលីង» ។ «ប្រាកដជាឯងឲ្យយើងមែនឬ?» ។ «មែន» ។ «ក្រែងកុហកអញទេដឹង?» ។ «មិនកុហកទេលោក» ។ «បើកុហក តើឲ្យយើងធ្វើដូចម្តេច? យើងមិនទុកចិត្តទេ ពីព្រោះឯងជាស្តេចសោយរាជ្យក្រែងរួចពី កណ្តាប់ដៃយើងទៅ បបួលរេហ៍ពលមកច្បាំងនឹងយើងវិញ? បង! យកកាំបិតមកពន្លះសាច់វាអាំងស៊ី សម្រន់សេចក្តីឃ្លាន១ស្របក់ សិន» ។ បងនោះនៅតែមិនទាន់បាត់ភ័យនឹងយក្ស ។
យក្សឮកុមារតូចឲ្យបងយកកាំបិត មកពន្លះសាច់ខ្លួនដូច្នោះ ក៏ញាប់ញ័រស្ទើរបាត់ស្មារតីហើយនិយាយ អង្វរកុមារនោះទៀតថា «សូមលោកទុកតែជីវិតឲ្យចុះ ខ្ញុំនឹងប្រគល់រាជ្យទាំងអស់ព្រមទាំងស្រុកសួយ ទាំងអម្បាលម៉ាន ជូនលោកទៀត ខ្ញុំសូមរួចតែខ្លួននឹងភរិយាបុត្រីបុត្រាហើយនៅធ្វើជាសេនា រក្សាលោកទៀត » ។ កុមារប្អូនក៏សួរបញ្ជាក់យក្សថា «បើឯងនិយាយទៀតត្រង់មែន ណ្ហើយ! យើងអត់ទោសឲ្យបាន, តែយើងមិនដឹងជាឯងស្តេចសោយរាច្យនៅនគរណា ចុះធ្វើម្តេចឲ្យយើង ទៅតាមយកនគរឯងបាន? » ។ «ឱលោក មិនសល់ក្រអ្វីនឹងអញ្ជើញទៅឯនគរខ្ញុំនោះទេ ឲ្យតែលោក លែងខ្ញុំចុះ ខ្ញុំនឹងធ្វើតម្រុយជាលំអានរហូតដល់ទៅរនគរខ្ញុំឯណោះ » ។ «ឯងធ្វើតម្រុយបែបណា?» ។ ខ្ញុំកាច់មែកឈើសស់បោះ ហែៗ តាមផ្លូវទៅកាលបើលោកអញ្ជើញទៅសូមទៅតាមមែកឈើដែលខ្ញុំ កាច់បោះនេះចុះ »។
កុមារទាំងពីរ ក៏ព្រមដោះយកចេញពីជុច ។ ឯយក្សបានរួចខ្លួនពីជុចហើយ ក៏ក្រាបថ្វាយបង្គំកុមារ ទាំងបីរ ដើរទៅនគរខ្លួនវិញ ហើយកាច់មែកឈើជាតម្រុយ ដើម្បីជាទីសម្គាល់ដល់កុមារទាំងពីរប្រាណ ឥតមានកុហកភូតភរអ្វីឡើយ លុះដល់ទៅនគរហើយចូលទៅនិយាយប្រាប់ពួកពលសេនាយោធា ទាហាន ដេលនៅចាំក្លិងទ្វារទាំង ៧ ជាន់ថា «នែវ៉ីយ! ថ្ងៃស្អែកនេះមានក្មេងតូចៗ ពីរនាក់ ជាក្មេងមនុស្សលោក មកដណ្តើមរាជ្យអញ បើឯងឃើញវាមកហើយ ត្រូវឃាត់កុំឲ្យវាចូលតែកុំធ្វើ ទុកបុកម្នេញវាឡើយ គ្រាន់តែស្រែកឃាត់ប៉ុណ្ណោះបានហើយ ពីព្រោះក្មេងនោះពូកែណាស់ អម្បាលអញ ដែលមានរឹទ្ធី មានអំណាចច្បាំងដណ្តើមយកនគរឯទៀតៗ បាន មកធ្វើជាប្រទេសរាជទាំងប៉ុន្មាន ក៏វាដាក់ជុចអញជាប់ស្ទើរតែនឹងស្លាប់អសារឥតការ, តែពួកឯងរាល់គ្នាឃាត់វាល្បងមើលសិនចុះបើ វាមិនខ្លាចទេ បើកផ្លូវឲ្យវាចូលមកចុះ» ។
យក្សបានប្រាប់គ្រប់សេនាអ្នកចាក្លោងទ្វារទាំង៧ ជាន់សព្វគ្រប់ហើយ ក៏ចូលទៅក្នុងប្រាសាទ សម្ងំដេកលក់ ស្រមុកកក្រើកប្រឹថពី ។ ឯកុមារបងប្អូនទាំងពីរនាក់ ក៏បណ្តើរគ្នាទៅនគរយក្សតាម តម្រុយមែកឈើ លុះបានទៅដល់ហើយក៏ជួបប្រទះនឹងពួកកងទ័ពមួយកង ដែលនៅចាំក្លោងទ្វារទី៧ នោះកុមារបង កាលបានឃើញយក្សច្រើនដល់ម្ល៉ោះ ក៏ភ័យញាប់ញ័រស្ទើរនឹងបាត់ស្មារតី, ប្អូននិយាយ កម្លាបងឡើងថា «នែបង កុំញ័រចង់ពេក! ឈប់! កុំអាលចង់ចាប់កាប់ធ្វើបាបវា ឈប់ៗ កុំៗ យើបង! ស្ទើរតែឃាត់មិនឈ្នះណ្ហើយ កុំញ័រចង់ពេក វាខ្លាចបងឯងហើយ» ។
ពួកទាហាន យក្សបានឮកុមារនិយាយដូច្នោះ ក៏ខ្លាចរួញខ្លួន ឥតហ៊ានមាត់កអ្វីសោះបើកផ្លូវឲ្យកុមារ ទៅដោយស្រួយរហូតដល់ទៅទ្វារក្នុងគម្រប់៧ជាន់ យក្សខ្លាចទាំងអស់ ។ ទើបនាំបងប្អូនឡើងទៅលើប្រាសាទយក្ស ឃើញយក្សកំពុងដេកស្រមុកខ្ទ័រប្រាសាទឃើញពួកស្រីស្ នំកំពុងតែអង្គុយបក់ខាងស្តាំមួយរយ ខាងធ្វេងមួយរយ ។ ឯបងឃើញយក្សច្រើនសម្បើមណាស់ពេក ក៏ភ័យស្លុតស្មារតី ប្អូនស្រែកហៅយក្សថា «នែ! អានេះក្រោកឡើង ! អញមកដល់ហើយដេកដល់ណាទៀត» ។ យក្សឮសំឡេងកុមារតូចស្រែកហៅខ្លួន ដែលកំពុងដេក លក់ដូច្នោះ ក៏ភ្ញាក់ដឹងខ្លួនឡើង ក្រឡេកមើលទៅ ស្គាល់ជាក់ជាកុមារម្ចាស់ជុច ក៏ភិតភ័យមហិមា ស្ទុះមកម្នីម្នាក្រាបថ្វាយបង្គំកុមារតូចទាំងពីរ ហើយប្រាប់ពួកស្រីស្នំដែលកំពុងអង្គុយគាល់ ប្រើអមាត្យឲ្យហៅពួកសេនាបតី នាហ្មឺនមុខមន្រ្តី ព្រាហ្មព្រឹទ្ធ បុរោហិត បណ្ឌិតកវី ឲ្យចូលមកក្នុង បុរីយ៉ាងឆាប់វៃៗ ។
លុះពួករាជសេវកាមាត្យមកជួបជុំគ្នាសព្វគ្រប់ហើយ យក្សស្រែកប្រកាសថា «អ្នករាល់គ្នាចូរក្រាប ថ្វាយបង្គំស្តេចមនុស្សទាំងពីរនាក់នេះ ហើយត្រូវគោរពកោតខ្លាចយកចិត្តតុកដាក់ឲ្យដូចជាខ្លួនអញ ត្បិតអញប្រគល់រាជ្យ ឲ្យស្តេចមនុស្សលោកនេះសោយហើយ ។ អញសូមរួចតែខ្លួនប៉ុណ្ណោះទេ, ឯអ្នកទាំងអស់ត្រូវនៅជ្រកក្រោមម្លប់បុណ្យស្តេចមនុស្សលោកនេះចុះ» ។ ពួករាជសេវកាមាត្យទាំងអស់ ក្រាបថ្វាយបង្គំកុមារទាំងពីរគ្រប់គ្នា ឥតមាននរណាមួយ ហ៊ាននិយាយថាដូចម្តេចឡើយ ។ យក្សក៏បានរៀបពិធីអភិសេកជាឯកមង្គល ប្រជុំពួកពលយោធាជាអនេកប្រការ ហើយប្រគល់ធីតារបស់ខ្លួនឲ្យជាមហេសី ។ ប៉ុន្តែកុមារប្អូនមិនសោយរាជ្យខ្លួនឯងទេ ឲ្យបងសោយរាជ្យវិញ ព្រោះយល់ឃើញថា បងបានចិញ្ចឹមបីបាច់ថែរក្សាខ្លួន ។ កុមារទាំងពីរ សឹងនៅជាសុខសប្បាយក្នុងនគរយក្សនោះ រហូតអវសានកាលទៅហោង ។

About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

General