តាមការតំណាលនៃដំណើររឿងនេះមកថាក្នុងយុគ សម័យមួយនៃសម័យអង្គរគឺក្នុងសម័យដែលកសាង ប្រាសាទអំពីឥដ្ឋ និងថ្មបាយក្រៀមមានស្ដេចមួយ អង្គព្រះនាម«កងចក្រ»សោយរាជ្យសម្បត្តិនៅរាជ ធានីអង្គរទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គព្រះ នាម «នាងកែវប្រាំពីរពណ៌»។ហេតុដែលព្រះនាង ទ្រង់មានព្រះនាមដូច្នេះពីព្រោះជាការស័ក្តិសមទៅ នឹងព្រះរូបសម្បត្តិ ដ៏ល្អឥតខ្ចោះមានសម្រប់លើស លប់ ប្រែប្រួលផ្លាស់ប្ដូរបានប្រាំពីរពណ៌ក្នុងមួយថ្ងៃ ព្រះនាងទ្រង់មានសម្ផស្សល្អដាច់គេនៅក្នុងនគរ ។មានថ្ងៃមួយនោះ ព្រះនាងទ្រង់បានយាងទៅកំសាន្ត ព្រៃទ្រង់ក៏រើសបានពងក្រពើមួយយ៉ាងធំខុសប្លែក ពីពងក្រពើទាំងពួងព្រះនាងទ្រង់មានសេចក្ដីត្រេក អរយ៉ាង ខ្លាំងហើយព្រះនាងក៏យកពងក្រពើនោះ ទៅភ្ញាស់ទុកគ្រាន់នឹងចិញ្ចឹម។លុះពងក្រពើនោះ ញាស់មក ព្រះនាងទ្រង់សព្វព្រះទ័យនឹងកូនក្រពើ នោះណាស់ ។ ព្រះនាងបានសុំព្រះរាជានុញ្ញាតពី ព្រះវររាជ បិតាដើម្បីធ្វើអាងចិញ្ចឹមក្រពើនោះនៅ ក្នុងអាង បារាយណ៍ទឹកថ្លាត្រង់កន្លែងទីទួលកោះ ប្រាសាទមេបុណ្យ ។ដោយព្រះនាងកាន់តែសព្វព្រះ ហឫទ័យ និងកូនក្រពើនោះព្រះនាងក៏បានផ្គត់ ផ្គង់ចំណីអាហារ ចិញ្ចឹមបីបាច់ថែរក្សាកូនក្រពើ ដោយស្នាព្រះហស្តអង្គឯងផ្ទាល់ហើយទ្រង់បានដាក់ ឈ្មោះឲ្យក្រពើនោះថា «អាថុន» ។ពេលវេលាកន្លងផុត ទៅមិនយូរប៉ុន្មានអាថុនក៏បានរីកចម្រើនធំ ធាត់ជាលំដាប់រហូតដល់ទៅណាស់ ធំលើសក្រពើផងទាំងពួង ។ អាថុនចេះស្គាល់និងមានភក្ដីភាព ចំពោះព្រះនាងជាម្ចាស់របស់វាណាស់ ។ វាតែងតែបង្ហាញនូវភាពស្លូតបូតចំពោះព្រះនាងធ្វើឲ្យព្រះនាង កាន់តែស្និទ្ធស្នាលជាមួយ វាជានិច្ចរហូតដល់ទ្រង់ ហ៊ានយាងជិះលើក្បាលវាធ្វើជាព្រះទីនាំងកំសាន្តលើ ផ្ទៃទឹកបារាយណ៍ទៀតផង។លុះអំណឹះតមកអាស្រ័យដោយឥទ្ធិពលព្រះរូបឆោមលោមពណ៌និងសម្ផស្ស ដ៏ល្អលើស លប់របស់ព្រះនាងក៏បានល្បីខ្ទរខ្ទាររន្ទឺសុះសាយរហូតដល់នគររាជគ្រឹះបណ្ដាលឲ្យរាជបុត្រា ស្ដេចក្រុងចិន សព្វព្រះហឫទ័យចំពោះព្រះនាងជា ខ្លាំង ។ បន្ទាប់ពីបានទទួលរាជានុញ្ញាតពីព្រះ វររាជបិតា មាតារបស់ព្រះអង្គរួចហើយ នគររាជគ្រឹះក៏បានរៀបចំជាក្បួននាំជំនូនយ៉ាងគគ្រឹកគគ្រេង ចូលមកចងស្ពានមានមេត្រីស្ដីដណ្ដឹងយកព្រះនាងកែវប្រាំពីរពណ៌ ដើម្បីធ្វើជាព្រះរាជអគ្គមហេសី ។
ចំណែកឯព្រះបាទកងចក្រ ក៏ទ្រង់ព្រះរាជានុញ្ញាតយល់ព្រមដើម្បីរៀបអភិសេកព្រះរាជបុត្រីនាងកែវ ប្រាំពីរពណ៌ ថ្វាយទៅព្រះរាជបុត្រាស្ដេចក្រុងចិនទៅតាមប្រពៃណីទំនៀមទម្លាប់បរមបុរាណខ្មែរ យើងនាសម័យកាលនោះ ។ព្រះនាង កែវប្រាំពីរពណ៌ក្រោយពីទ្រង់បានដឹងថាព្រះនាងនឹងត្រូវបាន ព្រះ ស្វាមី ហើយនឹងត្រូវឃ្លាតឆ្ងាយពីអ្វីៗនៅក្នុងព្រះរាជនគរ ទៅគង់នៅនគររាជគ្រឹះដែលជានគរ ព្រះស្វាមី ព្រះនាងក៏ទ្រង់ព្រួយព្រះហឫទ័យ នឹកសោកស្ដាយអាលោះអាល័យអាថុនជាខ្លាំងពន់ពេក ណាស់ ។ នៅថ្ងៃមួយនោះ នាព្រឹកព្រាងស្វាងអរុណោទ័យ ព្រះនាងទ្រង់បានទូលសុំព្រះរាជបិតាដើម្បី យកចំណីអាហារទៅឲ្យអាថុនជាលើកចុងក្រោយ ។ ព្រះបាទកងចក្រក៏បានរាជានុញ្ញាតចំពោះ រាជបុត្រីដូចកាលសព្វដង ។ ព្រះនាងទ្រង់បាននាំភីលៀង និងស្រីស្នំក្រមការនាំទាំងចំណីអាហារ ពេញបរិបូណ៌យកទៅឲ្យអាថុន ។ពេលដែលបានជួបនឹងសត្វជាទីស្រលាញ់ពេញហឫទ័យ របស់ព្រះ នាងហើយ ទន្ទឹមគ្នានឹងឲ្យចំណីអាហារវាបណ្ដើរ ព្រះនាងក៏ទ្រង់មានព្រះឱស្ឋទៅកាន់វាបណ្ដើរថា «អាថុន អើយអាថុន នេះជាលើកចុងក្រោយហើយដែលយើងបានជួបឯង ។ ចាប់ពីពេលនេះតទៅ យើងនឹងត្រូវឃ្លាតឆ្ងាយពីឯងហើយ ពីព្រោះយើងត្រូវព្រះវររាជបិតាទ្រង់ព្រះរាជានុញ្ញាតឲ្យមាន ព្រះស្វាមីដែលជាព្រះរាជបុត្រានគរស្ដេចក្រុងចិន ។ ពេលរៀបអភិសេកហើយយើងយាងទៅជា មួយព្រះស្វាមីនៅឯនគររាជគ្រឹះឯណោះ ។ យើងហាក់ដូចជាមិនដាច់ព្រះទ័យពីឯងសោះហាក់បី ដូចជានៅអាឡោះអាល័យឯងខ្លាំងណាស់ ។ តែណ្ហើយចុះ ! សូមឯងនៅឲ្យបានសុខយើងសូមលា សិនហើយ យើងនឹងត្រូវបែកគ្នា មិនដឹងជាថ្ងៃណាបានជួបគ្នាទៀតទេ» ។ចំណែកឯអាថុនពេលដែលបានស្ដាប់ឮបន្ទូលព្រះ នាងដូច្នោះ វាក៏កាន់តែរំកិលខ្លួនទៅជិតកៀក នឹងព្រះនាង ហាក់បីដូចជាចង់បង្ហាញថា វាសូមទ្រង់យាងព្រះនាងឡើងគង់លើក្បាលវាធ្វើជា ព្រះរាជទីនាំងដើម្បីលំហេកំសាន្តលើផ្ទៃគង្គានា អាងបារាយណ៍ ទឹកថ្លានោះ ។បន្ទាប់ពីទ្រង់បាន ទតយល់អំពីរបៀបបែបបទរបស់អាថុន ដែលហាក់បីដូចជាចង់បង្ហាញថា អាថុនក៏មានស្វាមី ភក្ដិនិងក្ដីអាឡោះអាល័យចំពោះព្រះនាងជាម្ចាស់ណាស់ដែរ ព្រះនាងក៏សព្វព្រះទ័យទ្រង់យាងគង់លើ ក្បាលអាថុនដូចកាលសព្វដង ។
ក្រោយ ពីបានរៀបចំព្រះរាជដំណើរព្រះនាងស្រេចបាច់ហើយ ព្រះរាជទីនាំងក្រពើហៅអាថុន ក៏ថយខ្លួនបង្វិលក្បាលពីទិសខាងកើតនាំព្រះរាជធីតាកែវប្រាំពីរពណ៌ឆ្ពោះទៅកាន់ទិសខាងត្បូង ក្នុងល្បឿនដ៏គួរឲ្យភ័យខ្លាចខុសពី ធម្មតា ។ ព្រះនាងកើតក្ដីវិត្កកៈ ភិតភ័យស្លន់ស្លោឥតឧបមា ទ្រង់ក៏ភ្លាត់ព្រះឱស្ឋទៅកាន់អាថុនថា «នែ៎ ! អាថុន ម្ដេចក៏ឯងធ្វើដូច្នេះ យើងភ័យណាស់ ! ប្រយ័ត្នយើងមានគ្រោះថ្នាក់ណា ព្រោះយើងជិតដល់ថ្ងៃរៀបអភិសេកហើយ» ។គ្រាន់តែចប់ព្រះ ឱស្ឋភ្លាម អាថុនក៏គ្រលៀសលេបព្រះធីតាកែវប្រាំពីរពណ៌នាគ្រានោះឯងហោង ។
អាថុន ដឹងថា គេនឹងតាមចាប់ខ្លួន វាក៏ខំប្រឹងមុជគេចចេញពីអាងបារាយណ៍ទឹកថ្លា តាមដងស្ទឹងដែលចេញពីបារាយណ៍ទៅទិសខាងត្បូងឆ្ពោះទៅកាន់បឹងទន្លេសាបដើម្បីរកទីលាក់
ខ្លួនពួនអាត្មា ។ចំណែក ឯភីលៀង ស្រីស្នំក្រមការឃើញព្រះរាជធីតាទ្រង់ទទួលនូវមហាគ្រោះភ័យន្តរាយ យ៉ាងដូច្នោះក៏កើតមានសេចក្ដីភិតភ័យញ័ររន្ធត់អស់ស្មារតីស្ទុះស្ទានាំគ្នាម្នីម្នាទៅទូលដល់ព្រះវររាជបិតារបស់ព្រះនាង ។ព្រះបាទកងចក្រ កើតក្ដីរន្ធត់ ក្រេវក្រោធឥតគណនា ក៏ចាត់អាមាត្យ នាហ្មឺនសព្វមុខមន្ត្រីរាជការ ស្រីស្នំក្រមការ អស់ពលសេនា យោធា ឲ្យគោះគង ទូងភេរីអំពាវនាវជ្រើសរើសរកអ្នកមានថ្វីដៃខ្លាំង ពូកែជំនាញខាងចាប់ក្រពើ និងកៀងគរអស់ប្រជានុរាស្ត្រ ដើម្បីតាមរកក្រពើអាថុនឲ្យឃើញ និងចាប់ឲ្យបាន ។ដោយសារ ព្រះរាជបារមីនៃព្រះរាជាជាអម្ចាស់សេចក្ដីអំពាវនាវដ៏ប្រញាប់ប្រញាល់ នោះក៏បានលេចឡើងនូវអ្នកស្ម័គ្រ ចិត្ត ជាគ្រូអាលម្ដាយម្នាក់ឈ្មោះ «តាដោក» ដែលជាអ្នកមាន មន្តអាគមខ្លាំងពូកែ និងស្ទាត់ជំនាញខាងចាប់ពស់ ចាប់ក្រពើ ។ ចំណែកអស់ប្រជានុរាស្ត្រ ក្រោយពីបានទទួលដំណឹងដ៏មហាទុក្ខសោកនោះហើយ ក៏នាំគ្នាម្នីម្នារូតរះមកចោមរោម មូលមីរដេរដាស់ ជុំជិតទីកើតហេតុនាអាងបារាយណ៍ទឹកថ្លានោះ ។
ការតាមចាប់ក្រពើ ក៏បានបែងចែកជារូបភាពឲ្យទៅជាពីរផ្នែកធំៗគឺមួយផ្នែកតាមរកចាប់ក្រពើ ក្នុងអាងបារាយណ៍ និងលុបស្ទឹងដែលចេញពីបារាយណ៍ កាត់តាមភូមិសណ្ដាន់ចុះទៅក្រោម ទៅទិសខាងត្បូង ។ មួយផ្នែកទៀត លុបស្ទឹងពីព្រៃរនាម មាត់បឹងទន្លេសាបឡើងមកខាងលើវិញ មកទិសខាងជើង ។ រីឯចុងស្ទឹងដែលនៅសេសសល់ មិនបានលុប ស្ថិតក្នុងព្រៃរនាមចាប់ពី បឹងទន្លេសាបរហូតមកទល់នឹងដីដែលគេលុបនោះ អំណឹះតមកអ្នកស្រុកហៅថា «ស្ទឹងកំបុត» ។ ស្ទឹងកំបុតនេះស្ថិតនៅក្នុងព្រៃរនាមមាត់បឹងទន្លេសាប ភាគខាងត្បូងឃុំកែវពណ៌ ស្រុកពួក ។
តាមព្រះតេជគុណ លី សុខ ចៅអធិការវត្តចេតិយមានសង្ឃដីកាថា «ក្បួន ចាប់ក្រពើទាំងពីរផ្នែក មានមនុស្សច្រើនឥតគណនា គ្រាន់តែដីមួយក្ដាប់ដៃម្នាក់គេអាចលុបស្ទឹងពីទិសខាងជើង ទៅទិសខាងត្បូង និងពីទិសខាងត្បូងមកទិសខាងជើងវិញ មកទល់គ្នានឹងអន្លង់មួយធំហើយជ្រៅ ស្ថិតនៅជាប់ក្បែរនឹងគោកតាសួស» ។
ទីអន្លង់នេះហើយដែលតាដោក គាត់បានធុំចំហាយក្លិនសាក្រពើ រួចហើយគាត់ក៏សន្មតថា ក្រពើអាថុន ពិតជាកំពុងតែលាក់ខ្លួនពួនអាត្មាក្នុងទីនោះ ។ អន្លង់ដែលអាថុនលាក់ខ្លួននោះ ក្រោយមកអ្នកស្រុកហៅថា «អន្លង់សា» ។ ទន្ទឹមនឹងការរៀបចំពិធីសែនព្រេនបន់ស្រន់លោកអ្នកតា សួសតាមទំនៀមទម្លាប់ប្រពៃណីបរមបុរាណ តាដោកក៏បានចាត់ចែងរុករកបោចផ្ដៅយកមកធ្វើ ជាខ្សែពួរដើម្បីទាក់ចាប់ក្រពើអាថុននោះ ។ សូមបញ្ជាក់ថា ទីកន្លែងព្រៃដែលបោចផ្ដៅនោះ មាន វត្តមួយឈ្មោះថា «វត្តល្បើកជលធីមន្នីកោះកែវ» ហៅ «វត្តព្រៃផ្ដៅ» ស្ថិតនៅក្នុងឃុំក្របីរៀល ស្រុកពួក ទិសខាងកើតអន្លង់សា ។
ក្បួន តាមចាប់ក្រពើដ៏គគ្រឹកគក្រេង ក៏បានមកចោមរោមនៅទីអន្លង់ដ៏ជ្រៅនោះ «អន្លង់សា» ។ គេបាននាំគ្នាបោះបង្គោលដោយសសរក្រាក់ធំៗរាប់សិបដើម ដើម្បីទាក់ចាប់ក្រពើដ៏កំណាចនោះ ។ សូមបញ្ញាក់ថា បង្គោលសសរក្រាក់ធំៗនោះ ទើបតែដកអស់នៅអំឡុងឆ្នាំ១៩៧៧ពីព្រោះគេត្រូវធ្វើ ទំនប់ទ្វារទឹកនៅទីនោះ ។ មិនយូរប៉ុន្មាន តាដោកក៏ចាប់ក្រពើអាថុនបានយកមកវះពោះកាត់ក្បាល ដោតឆ្កាងដាក់ថ្វាយលោកអ្នកតាសួស ដែលស្ថិតនៅលើទីទួលគោកក្បែរអន្លង់នោះ ។ រហូតមកដល់ សព្វថ្ងៃក៏នៅតែហៅថាគោកតាសួសៗដដែល ។ចំណែក ព្រះនាងកែវប្រាំពីរពណ៌ពេលដែលវះយក បានពីពោះក្រពើមក ព្រះនាងទ្រង់សន្លប់ស្ដូកស្ដឹងបាត់ដង្ហើមសូន្យឈឹង នៅសល់តែជីពចរតែ ប៉ុណ្ណោះ ។ អស់នាហ្មឺនសព្វមុខមន្ត្រី ក៏ម្នីម្នារៀបចំគ្រែស្នែង សែងព្រះនាងយាងមកកាន់បរមរាជវាំង ក្រែងនឹងអាចព្យាបាលជួយសង្គ្រោះព្រះនាងបាន ។ សូមបញ្ជាក់ថា ទីដែលរកឃើញព្រះនាង កែវប្រាំពីរពណ៌នោះ អំណឹះតមកអ្នកស្រុកក៏ហៅថា «កែវពណ៌» សព្វថ្ងៃកើតជាឃុំកែវពណ៌ ក្នុងស្រុកពួក ខេត្តសៀមរាប ។
ប៉ុន្តែជា អកុសល ផលអាក្រក់ពន់ពេកណាស់ លុះសែងព្រះនាងបានឆ្ងាយបន្តិចពីទីនោះមច្ចុរាជ ក៏តាមមកផ្ដាច់សង្ខារព្រះរាជបុត្រី របស់ព្រះបាទកងចក្រ ឲ្យដាច់ខ្យល់ផុតដង្ហើមសោយទីវង្គតលា ចាកលោកនេះទៅ ។ សូមបញ្ជាក់ថា ទីព្រៃដែលព្រះនាងកែវប្រាំពីរពណ៌សោយទីវង្គតផុតរលត់ សង្ខារហៅថា «ព្រៃផុតដង្ហើម» ក្រោយមកបានក្លាយទៅជា «ព្រៃដង្ហើម» ។ សព្វថ្ងៃមានវត្តមួយហៅថា «វត្តព្រៃដង្ហើម» ស្ថិតនៅខាងជើងឆៀងខាងកើតអន្លង់សា ក្នុងឃុំសំរោងយា ស្រុកពួក ។
ដោយ គ្មានបង្អែបង្អង់ ក្បួនសែងសាកសពព្រះនាងក៏កាន់តែជំរុលល្បឿនលឿនទៅមុខចេញពីព្រៃ ផុតដង្ហើម សំដៅទៅកាន់ព្រះបរមរាជវាំង ។ កំពុងតែឆ្លងកាត់វាលធំមួយ ស្រាប់តែពេលនោះមានខ្យល់កួចបោកបក់យ៉ាងខ្លាំងគួរឲ្យចម្លែកណាស់ បណ្ដាលឲ្យកេសាព្រះនាងកែវប្រាំពីរពណ៌ ត្រូវប៉ើងរំសាយពីលើគ្រែស្នែងទៅតាមអំណាយនៃកម្លាំង ព្រះពាយដែល កំពុងបោកបក់នោះ ។ អស់នាហ្មឺនសព្វមុខមន្ត្រី មានសេចក្ដីភិតភ័យស្លន់ស្លោ ខិតខំបន់ស្រន់បណ្ដើរ ដង្ហែក្បួនបណ្ដើរ រហូតទាល់តែឆ្លងផុតវាលធំនោះដល់មាត់ព្រៃមួយទើបខ្យល់ធំ នោះបាន ស្ងប់ទៅវិញ ។ សូមបញ្ជាក់ថា វាលធំដែលសែងសាកសពនាងកែវប្រាំពីរពណ៌ឆ្លងកាត់ នោះហៅថា «វាលល្ហើយសក់» ។ សព្វថ្ងៃគឺជាវាលស្រែ ចាប់ពីវត្តព្រៃដង្ហើមមកទល់នឹងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ។
ទន្ទឹម នឹងដល់មាត់ព្រៃ ខ្យល់ក៏ស្ងប់ សែងសាកសពតាមដងព្រៃនោះ ក្លិនអសុកក៏កាន់តែជះចំហាយ ខ្លាំងឡើងៗ ទើបគេហៅឈ្មោះដងព្រៃនោះថា «ព្រៃស្អុយ» ។ សូមបញ្ជាក់ថា អ្នកស្រុក អ្នកស្រែដែល បានដើរឆ្លងកាត់តាមដងព្រៃនោះ តែងតែលាន់មាត់ថា ធុំស្អុយ ឬធុំខ្មោះៗដូចៗគ្នា ។ សព្វថ្ងៃក្លាយជាវាលស្រែស្ទើរតែអស់ព្រៃទៅហើយ ។ ព្រៃស្អុយស្ថិតនៅខាងលិចភូមិប្រយុទ្ធ ប្រហែល មួយគីឡូម៉ែត្រក្នុងឃុំទឹកវិល ស្រុកពួក ។
ចំណែក ឯព្រះបាទកងចក្រ ពេលដែលទ្រង់ជ្រាបនូវដំណឹងដ៏មហាទុក្ខសោកខ្លោចផ្សាថាព្រះរាជបុត្រី បានដល់ទីវង្គតទៅហើយនោះ ព្រះអង្គក៏ទ្រង់មានសេចក្ដីវិត្កកៈ សោកសង្វរេងអាឡោះអាល័យ រកអ្វីប្រៀបស្មើពុំបានឡើយ ។ ព្រះអង្គក៏ទ្រង់កើតនូវក្ដីសន្ទឹះសង្កា ទើបទ្រង់មានព្រះតម្រិះពិគ្រោះ យោបល់នឹងហោរា ព្រមទាំងអ្នកមុខអ្នកការក្នុងព្រះបរមរាជវាំង ដើម្បីបានជាទីសណ្ដាប់ពិចារណា ។ រួចហើយដោយព្រះអង្គទ្រង់យោគយល់ទៅតាមគន្លងប្រពៃណីពីបរមបុរាណតរៀងមកចំពោះមនុស្ស ផងទាំងឡាយដែលស្លាប់ដូច្នេះ គេហៅថា ខ្មោចតៃហោង មិនអាចនាំមកចូលផ្ទះឬចូលបរមរាជ វាំងវិញបានទេ ។ ទើបព្រះអង្គចេញព្រះរាជបញ្ជាឲ្យរកទីកន្លែងដីដែលល្អប្រពៃរៀបចំធ្វើចេតិយដើម្បី បញ្ចុះសាកសពព្រះនាងឲ្យបានសមរម្យ ។អស់មុខ មន្ត្រី សេនាអាមាត្យ ក៏ម្នីម្នាចេញពីព្រះបរមរាជវាំង ធ្វើដំណើររូតរះទៅស្ទាក់ស្កាត់ទាន់ក្បួនដង្ហែសាកសពនៅឯទី ព្រៃស្អុយនោះ ។ ក្បួនដង្ហែសពក៏ត្រូវ សម្រាកផ្អាកដំណើរដើម្បីទទួលព្រះរាជសាររយៈពេលមួយសន្ទុះ ។ បន្ទាប់ពីបានទទួលព្រះរាជសាររួចហើយ ក្បួនដង្ហែសាកសពក៏បានហែក្បួនឆ្ពោះទៅកាន់ទិសខាង ត្បូងវិញ ដើម្បីរកទីបញ្ចុះសពព្រះនាង ។ សូមបញ្ជាក់ថា កន្លែងដែលផ្អាកដំណើរទទួលព្រះរាជសារនោះ គេបានកសាងជាប្រាសាទចេតិយមួយអំពីឥដ្ឋមានសណ្ឋានដូចជាប្រាសាទ វត្តចេតិយដែរ ប៉ុន្តែគ្រាន់ តែមានទំហំតូចជាងបន្តិចប៉ុណ្ណោះ ទាំងបរិវេណផ្ទៃដី និងតួប្រាសាទ ។ អ្នកស្រុកទម្លាប់ហៅថា «ប្រាសាទព្រៃស្អុយ» ។ ប្រាសាទនេះត្រូវបានជនខិលខូចគាស់កកាយបំផ្លាញរលាយហិនហោចអស់ ហើយ ។ តាមដែលអ្នកស្រុកធ្វើស្រែនៅក្បែរៗនោះបានឲ្យដឹងថា ប្រាសាទព្រៃស្អុយនេះទើបតែរលាយ ខ្ទេចខ្ទីអស់នៅក្នុងឆ្នាំ១៩៨៨ ។
លុះ ក្បួនហែមកដល់ទីកន្លែងមួយ តាមដែលមន្ត្រីខាងភូមិសាស្ត្រហោរាសាស្ត្រពិនិត្យគន់គូរមើលទៅ ឃើញថាទីនោះជាទីល្អប្រពៃ សមគួរជាទីបញ្ចុះសាកសពព្រះនាងហើយទើបចាត់ចែងពិធីបុណ្យ បញ្ចុះសពព្រះនាងកែវប្រាំពីរពណ៌យ៉ាងអធិកអធម ទៅតាមលក្ខណៈប្រពៃណីជាតិខ្មែរយើង ។ ប៉ុន្តែដោយពិនិត្យឃើញថា ទីនោះជាទីវាលទំនាបលិចទឹកទន្លេសាប ទើបត្រូវបានចាត់ចែងមនុស្ស ដ៏ច្រើនសន្ធឹកសន្ធាប់លើកដីនោះឲ្យទៅ ជាទីទួលខ្ពស់ផុតពីការលិចទឹក ហាក់បីដូចជាផ្នូរមួយ យ៉ាងធំអស្ចារ្យ ។ ជាមួយគ្នានោះ គេក៏បានកសាងព្រះចេតិយមួយយ៉ាងធំផុសត្រដែតខ្ពស់លលៃ លើវេហា កណ្ដាលព្រៃ មាត់បឹងទន្លេសាបពីលើដីទួលនោះ ។
ចំណែក ឯព្រះបាទកងចក្រ ព្រះអង្គទ្រង់នៅតែមានសេចក្ដីសោកស្ដាយ អាឡោះអាល័យ និងគិតគូរដល់ព្រះរាជបុត្រីព្រះអង្គខ្លាំងណាស់ ព្រះអង្គក៏ទ្រង់មានព្រះរាជតម្រិះពិចារណាថា គប្បីត្រូវតែរកឆ្មាំចាំថែរក្សា និងសម្អិតសម្អាងទីព្រះចេតិយនោះ ។ ម្យ៉ាងទៀតត្រូវធ្វើឲ្យបានជាទីកុះករ គឺការធ្វើបុណ្យទានរបស់អ្នកស្រុក អ្នកភូមិជិតឆ្ងាយ ហើយបានជាលក្ខណៈងាយស្រួលសម្រាប់ ព្រះអង្គទ្រង់យាងទៅធ្វើបុណ្យទាន ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធព្រះរាជបុត្រីផង ។
ក្រោយ ពីទ្រង់មានព្រះរាជតម្រិះដូច្នេះហើយ ព្រះអង្គទ្រង់បានតែងតាំងងារ ជាយសសក្តិដល់តាដោក ឲ្យធ្វើជាឆ្មាំចាំថែរក្សា ការពារ សម្អិតសម្អាត ទីព្រះចេតិយនោះ ។ រីឯវត្តអារាមក៏ត្រូវបានកសាងឡើងមានព្រះសង្ឃ មានពុទ្ធបរិស័ទចេញចូលធ្វើបុណ្យទានហូរហែជា រៀងរហូតដល់សព្វថ្ងៃនេះ ។ វត្តនេះ ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យឲ្យឈ្មោះថា«វត្តកោះនាងកែវ ចូឡាមណីធម្មចេតិយ» ដែលក្លាយមកជា «វត្តចេតិយ» ឬ «ចៃដី» សព្វថ្ងៃ ។ សូមបញ្ជាក់ថា វត្តចេតិយ ស្ថិតនៅខាងត្បូងឆៀងខាងកើតវត្តព្រៃដង្ហើម ។
លុះ អំណឹះតមក ក្រោយពីលោកតាដោកបានទទួលអនិច្ចកម្មទៅគេក៏បានកសាងជារូបសំណាក លោកតាដោក មួយនៅពីមុខផ្លូវចូលព្រះចេតិយ ចម្ងាយប្រហែល ៧០ ម៉ែត្រ ពីព្រះចេតិយជានិមិត្ត រូបក្នុងការទទួលខុសត្រូវលើកិច្ចការការពារ និងថែរក្សាទីព្រះចេតិយនោះ ។
តាម ការតំណាលតៗគ្នាមកថា រូបសំណាកតាដោកនេះ អ្នកស្រុកទម្លាប់ហៅថា អ្នកតាដោក មានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ សូម្បីតែសត្វក៏មិនអាចហើររំលងបានដែរឲ្យតែហ៊ានហើរ រំលងគឺត្រូវតែធ្លាក់ ។ ម្យ៉ាងទៀត ចំពោះគោក្របីណា ដែលចូលស៊ីស្មៅក្នុងស្រះ ឬលើទួលព្រះចេតិយនោះ គឺពិតជាត្រូវអ្នកតាដោកលាក់បាត់ ម្ចាស់ពុំអាចរកឃើញភ្លាមៗទេ ទាល់តែបួន ឬប្រាំថ្ងៃ ទើបអាចរកឃើញវិញ ។ អាស្រ័យហេតុនេះហើយបានជាបច្ចុប្បន្ន ពុំឃើញមានរូបសំណាកតាដោកទេ នៅសល់តែកន្លែងដាក់រូបសំណាកប៉ុណ្ណោះ ។ តាមការសន្និដ្ឋានប្រហែលជាម្ចាស់គោ ម្ចាស់ក្របីនោះគេខឹង គេស្អប់នឹងអ្នកតាដោក គេក៏មានការ គុំគួននឹងរូបសំណាកនោះ ។ ពេលដែលប្រទេសជាតិយើង ឈានដល់សម័យកាលដ៏ខ្មៅងងឹត «សម័យប៉ុលពត» គេក៏បានឱកាសវាយបំបាក់សែងទម្លាក់ទឹកស្រះនោះទៅ ។ តាមព័ត៌មានថា អភិរក្សអង្គរបានដឹករូបសំណាកនោះទៅទុកហើយ ។
ចំពោះទីតាំងវត្ត ចេតិយ ព្រះតេជគុណ លី សុខ មានសង្ឃដីកាថា កាលដើមឡើយមិនស្ថិតនៅជាប់ជាមួយព្រះចេតិយនាងកែវប្រាំពីរពណ៌ដូច សព្វថ្ងៃនេះទេ ដែលនៅជាប់នឹងព្រះចេតិយត្រង់កន្លែងព្រះវិហារសព្វថ្ងៃនេះ កឺមានត្រឹមតែកោដមួយប៉ុណ្ណោះ ។ ឯទីតាំងវត្តគឺស្ថិតនៅខាងលិចព្រះចេតិយនោះប្រហែល ៦០ ម៉ែត្រ ឆ្លងស្រះធំមួយទើបដល់វត្ត ។ ទីនោះក៏មានដីទួលមានសណ្ឋានជាដីលើក ព្រោះមានស្រះជុំវិញ ដូចទីទួលកោះព្រះចេតិយដែរ ប៉ុន្តែហាក់ដូចជាមានកម្ពស់ទាបជាង ។ ការប្រែប្រួលបង្ខិតទីតាំងវត្តគឺបណ្ដាលមកពីសម័យកាលមួយដែលប្រទេស ជាតិជួបប្រទះនូវគ្រោះកលិយុគ អសន្តិសុខ ទុរ្ភឹក្សវឹកវរ អត់ឃ្លាន កើតមានមនុស្សអាក្រក់ ចោរលួច ចោរប្លន់ទាំងយប់ ទាំងថ្ងៃ លែងស្គាល់បុណ្យ ស្គាល់បាប ឆ្លៀតពេលព្រះសង្ឃជាប់ចង្ក្រមភាវនា និងចូលព្រះវិហារនៅឯបោដឯណោះ ចោរក្មួញវាក៏លួចប្រមូលរបស់របរ គរុភ័ណ្ឌ នៅឯវត្តឯណោះអស់រលីងទៅ ។ ដោយមិនអាចទ្រាំទ្រគង់នៅទីនោះបានតទៅទៀត ទីតាំងវត្តក៏ត្រូវបានផ្លាស់ប្ដូរនាសម័យកាលនោះឯង «ប្រហែលជាជំនាន់ឥស្សរៈ» ។ ចំណែកឯព្រះវិហារនោះ ការកសាងឡើងគឺ ចំកណ្ដាលផ្លូវពីមុខចេតិយ ត្រង់ចន្លោះព្រះចេតិយ និងអ្នកតាតាដោក ។
ព្រះតេជគុណ លី សុខ មានសង្ឃដីកាឲ្យដឹងទៀតថា វត្តចេតិយពីមុនបានរក្សាទុកក្រាំង មួយដែលមានចំណាស់ជាងគេ ។ ក្រាំងនោះមានទំហំទទឹងប្រហែលមួយតឹក បណ្ដោយប្រហែលមួយតឹកកន្លះ និងកម្រាស់ប្រហែលបីហ៊ុន ធ្វើពីក្រដាសពណ៌ខ្មៅ សរសេរជាអក្សរពណ៌ស ជាភាសាបាលីផង សំស្ក្រឹតផង និងភាសាខ្មែរ តិចតួចផង ។ ក្នុងក្រាំងនោះក៏មានគូរជាយ័ន្ត និងមានក្បូរក្បាច់ផ្សេងៗទៀតខ្លះផងដែរ ។ ព្រះតេជគុណសន្និដ្ឋានថា ក្រាំងនេះប្រាកដជានិយាយអំពីរឿងរ៉ាវរបស់នាងកែវប្រាំពីរពណ៌ និងប្រវត្តិចេតិយជាក់ជាមិនខាន ។ ព្រះតេជគុណបានទទួលបន្តថែរក្សាក្រាំងនោះដោយផ្ទាល់ព្រះហស្ត ។ ប៉ុន្តែគួរឲ្យសោកស្ដាយណាស់ ក្នុងសម័យប៉ុលពត ព្រះតេជគុណ និងព្រះសង្ឃទាំងអស់ គ្រប់អង្គត្រូវបានជន្លៀសចេញពីវត្ត ។ ឯក្រាំងនោះ ព្រះតេជគុណមានការភ្លេចភ្លាំង មិនបានយកទៅតាមផងទេ ។ ពេលដែលព្រះតេជគុណនឹងឃើញត្រលប់មកយកវិញ ក៏ស្រាប់តែបាត់ក្រាំងនោះព្រមទាំងគម្ពីរ ដីកាផ្សេងៗទៀតអស់ទៅ ។
តាមដែលធ្លាប់បានទៅដល់ ទីអារាមវត្តចេតិយឃើញថាវត្តចេតិយស្ថិតនៅដាច់ស្រយាលពីភូមិ ម្កររបស់អ្នកស្រុកស្ថិតនៅចុងខាងត្បូងនៃភូមិជ្រៃ ឃុំសំបូរ ស្រុកសៀមរាប មានចម្ងាយពីទីតាំង ឃុំសំបូរ ប្រហែលជាងពីរគីឡូម៉ែត្រ ។ ទីវត្តនោះគឺជាទីទួលខ្ពស់ជិតប៉ុនកូនភ្នំមួយមានទទឹងប្រហែល ១០០ ម៉ែត្រ និងបណ្ដោយ ១២០ ម៉ែត្រ ហ៊ុំព័ទ្ធទៅដោយស្រះធំជាគូជុំវិញទីទួលនោះ ។ នៅពីលើចំកណ្ដាលទួលមានព្រះវិហារមួយសង់អំពីថ្មប្រក់ក្បឿងដ៏ សមរម្យ ។ នៅខាងលិចជាប់នឹងព្រះវិហារ មានព្រះចេតិយជំនាន់បុរាណមួយយ៉ាងធំ កសាងអំពីឥដ្ឋ និងថ្មបាយក្រៀម ដែលមានទំហំបាតក្រោមប្រហែលប្រាំពីរម៉ែត្រកន្លះ កម្ពស់ជិតប្រហែល ២០ ម៉ែត្រ ។ នៅជុំវិញព្រះវិហារ និងព្រះចេតិយ មានព្រៃឫស្សីស្រោងៗ ដើមឈើធំៗ ខ្ពស់ៗជាម្លប់ដ៏ត្រឈឹងត្រឈៃ ។ វត្តចេតិយនៅរដូវវស្សា បើទឹកទន្លេធំ អ្នកភូមិស្រុកជិតឆ្ងាយមិនអាចទៅធ្វើបុណ្យទានដោយ ធ្វើដំណើរតាមផ្លូវគោកបានទេ ពីព្រោះទឹកទន្លេបានឡើងលិចជុំវិញនៅសល់តែទីទួលកោះប៉ុណ្ណោះ ។ ពេលនោះ ទិដ្ឋភាពវត្តទាំងមូល កាន់តែមានសោភ័ណភាពស្រស់បំព្រងថែមទៀតគួរជាទីគាប់ចិត្តគយគន់ ជាទីត្រជាក់មនោរម្យ សមនឹងទៅធ្វើបុណ្យទាន ទៅកំសាន្តលំហែយ៉ាងពន់ពេកណាស់ ។
ការសរសេររៀបរាប់ជាត្រួសៗអំពី រឿងនិទាន រឿងនាងកែវប្រាំពីរពណ៌ និងវត្តចេតិយ ដែលខ្ញុំបាន ដឹង សន្មតថាចប់ត្រឹមនេះ ។ ប៉ុន្តែក្រែងមានបទត្រង់ណាសង្ស័យថាមិនច្បាស់ មិនពិត អក្ខរាវិរុទ្ធ ខ្វះចន្លោះខុសឆ្គង សូមលោកមេត្តាអធ្យាស្រ័យ អភ័យទោស សូមកុំឲ្យខ្ញុំបាទមានបាបកម្ម និង ពៀរវេរាតទៅមុខទៀត ពីព្រោះនេះគ្រាន់តែជាការស្ដាប់ឮតៗគ្នាតែប៉ុណ្ណោះ ៕
0 comments: