Button Text! Submit original article and get paid. Find out More

Sunday, September 6, 2015

រឿង : ដើមកំណើតសត្ថផ្សោត

Game Pro Generator  |  at  2:30 PM  |   |  No comments

កាលពីព្រេងនាយជាយូរអងែ្វងណាស់មកហើយមានដើមជ្រៃធំមួយមានមែក ត្រសុំត្រសាយសាខា មហាជនទូទៅនៅភូមិជិតខាងគេរាប់អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ។ គេធ្វើខ្ទមរូបចំលាក់ថ្មជាភេទប្រុសមួយស្រីមួយ ដាក់អោយអង្គុយលើផែនថ្មក្នុងខ្ទមនោះ។ គេតែងបួងសួងបន់ស្រន់ថ្វាយក្រយ៉ា បូជាសុំសេចក្តីសុខ ក៏ធ្លាប់បានសុខរៀងមក គេសន្មត់ថាអ្នកតាម្ចាស់ស្រុក។ មានរុក្ខទេវតាមួយមានអាយុវែង មិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ស្ថិតនៅលើដើមជ្រៃធំនោះជាសេ្តចនៃឈើ។ យូរទៅមានស្រីម្នាក់មកចាប់បដិសន្ធិជាកូនអ្នកស្រុក ដែលរាប់អានដើមរុក្ខជាតិនោះ។លុះធំពេញ វ័យជំទង់ដល់ រដូវត្រូវសែន ព្រេន ថ្វាយក្រយ៉ា បូជាជូនអ្នកតាម្ចាស់ស្រុកនាងនោះក៏ ទូលថាសបាយនំចំណី ទៅសែនជួស ឪពុកម្តាយ។ រុក្ខទេវតាក្រឡេកឃើញ ដូចេ្នះចេះតែមានចិត្តអាណិតអាសូរស្រលាញ់នាងនោះ ហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយ ទើបបាននឹងបានជួប មុខគ្នាថ្មីៗ។ រុក្ខទេវតានោះកាន់តែ វិតក្កចិត្តអាណិតនាងខ្លាំងណាស់ទ្រាំពុំបានក៏ហោះទៅទូលសួរព្រះឥន្ធតាមដំណើរ។
ព្រះឥន្ធទ្រង់រំពឹងដោយ ញាណទិព្វទៅឃើញថា នាងនោះកាលពីជាតិមុនជា ប្រពន្ធរុក្ខទេវតានេះបានសាងប្រាថ្នាជាមួយគ្នាមកថា «ទោះបីទៅកើតជាតិណា ភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនិងគ្នា កុំឃ្លាតគ្រប់ៗជាតិ» លុះចាស់រៀងខ្លួន រុក្ខទេវតានោះសុំលាទៅបួសជាតាបស អស់ជីវិតដោយខ្លួនពីគ្នាទៅ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ធទៅកើតជានាងទេពធីតាបែកគ្នាទៅឆ្ងាយមិនជួបជុំ នាងប្រពន្ធច្យុតពីទេពធីតាមកកើតជិតទីកនែ្លងដែលទេវតាជាប្តីនៅ។ មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះទើបបណ្តាលឲ្យរុក្ខទេវតា ចេះតែស្រលាញ់អាណិតអាសូរនាង។ តែមកពីរុក្ខទេវតានោះមានពៀរដែលគេចទៅបួសចោលប្រពន្ធ ឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួបមុខ បានជាច្យុតទៅកើតជាមនុស្សវិញមិនជួបគ្នា។ ព្រះឥន្ធសមែ្តងប្រាប់រុក្ខទេវតា ដូចរៀបរាប់មកនេះ រុក្ខទេវតាបានដឹងសព្វគ្រប់ហើយក៏លាព្រះឥន្ធមកវិញគិតពិចារណាថា «ឥឡូវនឹងទៅថ្វាយបង្គំ លាព្រះឥន្រ្ទា ធិរាជសុំច្យុតទៅកើតជាមនុស្សឃើញថាការមិនគួរ ព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយ ហើយ សង្ខាររបស់មនុស្សខ្លីណាស់មិនដូចទេវតាទេ»។
ទេវតាគិតចុះគិតឡើងមិនធ្លុះធ្លាយត្រង់ណាសោះ។ ហេតុដែលមានពៀរដែលគេចទៅបួសជាតាបសមិនឲ្យឃើញមុខលុះត្រាតែសូន្យសង្ខារ រៀងខ្លួន។ រុក្ខទេវតា ព្រួយខ្លាំងណាស់ក៏ប្រថុយប្រាណប្រថានព្រេងថា «ណ្អើយចុះអញទៅប្រាប់ប្រពន្ធឲ្យ ដឹងខ្លួន អញជាប្តីគូព្រេងទៅចាប់ជាតិជារុក្ខទេវតា នាងឥតមានគូព្រេងទៀតទេបើនាងបានដឹងថា ខ្លួនអញជាប្តី នាងមុខជាលែងយកប្តីអស់មួយជាតិនេះហើយ»។
គិតស្រេច ពេលរាត្រីស្ងាត់ក៏និមិ្មតខ្លួនធ្វើជាពស់ថ្លាន់ចូលទៅ អោបរឹតនាង។ នាងភ្ញាក់ឡើងបំរះពុំរួច ពស់ថ្លាន់បាននិយាយលួងលោមសព្វគ្រប់ ក៏នាងមិនជឿថា «បើប្តីជារុក្ខទេវតា ហេតុមេ្តចក៏មកជាពស់ថ្លាន់ដូចេ្នះវិញ»។ រុក្ខទេវតាជាប្តីថា«បើនាងមិនជឿបង បងនឹងប្រែរូបឲ្យនាងមើល» រុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមៗ ។ នាងក្រឡេកឃើញក៏ស្រលាញ់ពេញចិត្តជឿជាក់ថាប្តីខ្លួនជាទេវតាមែន ព្រោះរកមនុស្សណានិងឲ្យល្អដូចពុំបាន។ រុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបង បើមិននិម្មិតខ្លួនជាសត្វបែបនេះទេ មិនអាចមកនៅជិតនាងបានឡើយ ត្រូវតែនិម្មិតរូបជាសត្វផេ្តសផ្តាស់ទើបនៅជាមួយនាងបាន។ និយាយរួចក៏និម្មិតខ្លួនជាពស់ថ្លាន់វិញ។
ពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេប៉ុនែ្តមិនដែលរួមសង្វាស់ជាមួយ និងនាងនោះឡើយ ហើយបានហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែឪបងប្អូននិង អ្នកស្រុកឲ្យថាជាទេវតា ឲ្យថាតែពស់ថ្លាន់ ពេលថៃ្ងបងមិននៅជាមួយនាងទេ បងមកលេងតែយប់ៗសឹមផ្លាស់រូបជាទេវតាឲ្យឃើញម្តងៗ។ ជិតភ្លឺហើយលឺមាត់និយាយគ្នា ឪពុកម្តាយចូលទៅមើលឃើញពស់ថ្លាន់ពេនទ្រេលពេញលែ្វងផ្ទះ ក៏ភ្ញាក់ច្រឡោតស្រែក រុក្ខទេវតាភៀសខ្លួនបាត់ទៅ។ ឪពុកម្តាយហៅកូនស្រីមក សួរកូននិយាយ សារស័ព្ទប្រាប់រឿងពីដើមចប់ដល់ចុង។ឪពុកទាល់ប្រាជ្ញមិនដឹងធ្វើមេ្តចក៏ដកដង្អើមធំសួរកូនថា ឥឡូវពស់ថ្លាន់ទេវតានោះទៅណាបាត់ហើយ។ កូនប្រាប់ថា ពេលថៃ្ងមិនមកទេ យប់ទើបមក។ នាងប្រាប់ឪពុកម្តាយថាទេវតាជាប្តីហាមមិនឲ្យប្រាប់គេថា ទេវតាទេ ឲ្យថាតែពស់ថ្លាន់បានហើយ។ លុះពេលរាត្រីស្ងាត់ រុក្ខទេវតាក៏មកដល់ ប្រពន្ធនិមិ្មតរូបជាទេវតា ឲ្យនាងមើលតាមសេចក្តីសន្យា។ នាងក៏អុជភ្លើងភ្លឺឡើងស្ទុះទៅអោបប្តី ដោយសេចក្តីមេត្រីសេ្នហា។លឺមាត់និយាយគ្នាឪពុក ម្តាយចូលទៅលបមើលឃើញទេវតាល្អណាស់ ក៏ស្រលាញ់ពេញចិត្តនិងរុក្ខទេវតានោះក្រៃលែង រុក្ខទេវតាដឹងថាឪពុកម្តាយលបមើលផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាម ឃើញធំទ្រេលពេញបន្ទប់ផ្ទះ។ ទៀបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ធឲ្យនាំឪពុកម្តាយទៅជីកយកកំណប់ ក្នុងដំបូកមួយមានមាសប្រាក់ ពេជ្រ កែវកងតុថាសចានជញ្ជូនមកដាក់ពេញផ្ទះឡើងទៅ។ ចាប់ពីពេលនោះមកគ្រួសារនេះក៏ក្លាយជាអ្នកមានធំ។ យូរទៅដឹងជ្រួតជ្រាបដល់អ្នកស្រុកមក មើលឈូរឆរ ពិតជាពស់ថ្លាន់ពេន ទ្រេលនៅជាមួយនិងនាង។និយាយពីបុរសប្តីប្រពន្ធមានកូនក្រមុំ មួយនៅភូមិផេ្សងពីនាងមានប្តីពស់ថ្លាន់ទេវតានោះចេះតែរំភើបក្នុងចិត្ត នាំប្តីប្រពន្ធសរសើរថា «វាសនាអ្វីគេក៏ល្អមេ្លះពីដើមជាអ្នកក្រដូចគេឯងសោះ ឥឡូវមានផ្ទះធំខ្វាត់ខែ្វងត្រឈឹង ត្រឈៃ មានគោ ក្របី ដំរី សេះ ខ្ញុំកំដរប្រើគគ្រឹកគគ្រេងល្បីឈ្មោះថា ចៅសួស្តិ៏សេដ្ឋី នេះមកពីកូនគេមានប្តីពស់ ថ្លាន់ ពស់ថ្លាន់ឲ្យកំណប់ព្រេង »។ បុរសនោះតូចចិត្តនិងខ្លួនឯងណាស់ចេះតែដក ដង្អើមធំចេះតែទនេ្ទញទាំងយប់ទាំងថៃ្ង។
ប្រពន្ឋឃើញ ប្តីកើតទុក្ខដូចេ្នះ ក៏និយាយប្រាប់ប្តីថា «ខ្ញុំបានលឺចាស់ ទុំនិយាយរៀងៗមក ថាសត្វពស់ថ្លាន់មិនដូច ពស់ទាំងពួង ទេតែមានដម្បូក ធំៗក្នុងព្រៃហើយច្រើនមានពស់ថ្លាន់ ទៅព័ទ្ធពេននៅទីនោះ។ គេថាពស់រក្សាកំណប់ព្រេង»។ ប្តីថា «បើដូចេ្នះព្រឹកសែ្អកឯងដាំ៍បាយឲ្យបងពីព្រឹកកុំឲ្យអ្នកណាដឹងបងនឹង ដើរសែ្វងរកពស់ថ្លាន់ព័ទ្ធដំបូកក្នុងព្រៃធំៗបើឃើញបង និងចាប់យកមកធ្វើជាប្តីកូនយើង»។ ប្តីប្រពន្ធពេញចិត្តក៏ព្រមពៀ្រងគ្នា ព្រឹកឡើងដាំបាយវិចជាសំណុំ ព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តី ប្តីក៏ដើរសែ្វងរកពស់ថ្លាន់។បុរសនោះចូលក្នុងព្រៃធំមិនយូរប៉ុន្មានក៏បាន ប្រទះដំបូក មួយធំក្នុងព្រៃទួល មានបន្លាស្អិតនិងវល្លិ៏រវីមរវាម វារពាក់ព័ន្ធលើគ្នា។ បុរសចូលទៅអើតឈ្ងោកមើលឃើញ ពស់ថ្លាន់ពេនទ្រេលលើក្បាលដំបូក។ ពស់នោះរស់នៅក្នុងព្រៃដំបូកនោះអស់កាលជាយូរអងែ្វងណាស់មកហើយវាមិន ដែលទៅកាន់ទីណាសោះទោះបីអត់ឃ្លានយ៉ាងណាក៏ ស៊ូរទ្រាំនៅក្នុងទីនោះ។ ពស់ក៏មិនរើប៉ុន្មានព្រោះវា ស្គាំងស្គមអស់កំលាំងស្ទើរតែ កំរើកខ្លួនមិនរួច។ បុរសយកឈើគោះ មើលក៏មិនទាំងកំរើកខ្លួនផង។
បុរសនោះនឹក ត្រេកអរក្នុងចិត្តណាស់គិតថា ពស់ថ្លាន់នេះពិតជាមានកំណប់ហើយបានជាស្លូតម៉េ្លះក៏បោចវល្លិ៏ស្រាក់ស្រួតជាប់។ បុរសលើកស្ពាយទាំងភែ្ននមក។ ដោយធ្ងន់ខ្លាំងពេកក៏ឈប់សំរាកតាមផ្លូវ ទល់ព្រលប់ទើបដល់ផ្ទះស្រែកហៅប្រពន្ធ និងកូនក្រមុំពីក្រៅរបងឲ្យទៅជួយទទួល។ ប្រពន្ធនិងកូនក្រមុំក៏ចុះទៅទទួលប្តី ស្ពាយពស់ថ្លាន់ទាំងភេ្ននក៏ត្រេកអរឥតឧបមា។ លុះយកមកដាក់ដល់លើផ្ទះអួតប្រាប់ប្រពន្ធថា«ពស់នេះស្លូតណាស់ត្រូវចិត្តបងហើយ បើភានឯងមិនជឿទៅចាប់ស្ទាបអងែ្អលមើលចុះ ស្ទើរតែមិនកំរើកខ្លួនប្រាណផង»។
ប្រពន្ធលូកដៃ ទៅពាល់មើលឃើញ មិនកំរើកមែន ក៏ចេះតែបបោស អងែ្អលសរសើរថា «កូនអើយ! ពណ៌សំបុរអ្នកអីក៏ល្អម៉េ្លះដូចគេទើបនិងទីបមាសថ្មីៗទោះបីជាហូលដែលជាងចេះចងគាតយ៉ាងណា ក៏មិនល្អមិនដូចអ្នកដែរ»។ ពស់ថ្លាន់ដោយជាប់ ចំណងផងហើយហេវអស់កំលាំងនិងអត់អាហារយូរថៃ្ងផងក៏ធ្វើតែភែ្នកភ្លឹះៗ លិទ្ធអណ្តាតភែ្លមៗ ប្រហែលជាក្នុងចិត្តវាដែលឃ្លានប្រុងតែលេបមនុស្ស។
ប្តីតាំងបង្គាប់ ប្រពន្ធនិងកូនក្រមុំឲ្យវាយមាន់ ស្លដណ្តាំបាយឲ្យឆាប់និងរៀបសែនព្រេនប្តឹង ជីដូនជីតារៀបផ្សំផ្គុំឲ្យកូនយកប្តីពស់ថ្លាន់។ ប្តីរត់ទៅទិញស្រាបានមក ប្រពន្ធដាំបាយស្លឆ្អិនដួសដាក់តុថាស ហៅបងប្អូនជិតខាងឲ្យមកជួយសែនព្រេន បង្គាប់កូនក្រមុំឲ្យរៀបចំដំណេកបង្គុយ ។
អ្នកស្រុកជិតខាងដែលមានបញ្ញាវាងវៃ គេលាន់មាត់ និងបុរសនោះថាឆ្កួតថាព្រើលគ្រប់ៗគ្នា អ្នកខ្លះក៏រកពុទ្ធោ អ្នកដែលត្រូវស្រាអរ ឲ្យតែគេហៅឲ្យចូលទៅជួយសែន និងបានស៊ីផឹកសប្បាយ។ លុះទៅជួបជុំគ្នា លើកពស់ថ្លាន់ដាក់ លើកំរាលសំពត់ស ស្រាយចំណង រួចឲ្យកូនក្រមុំ ទៅអង្គុយទន្ទឹមពស់នោះក៏នៅស្ងៀមដោយគ្នាអត់អាហារមកយូរថៃ្ងហើយ។ បុរសបង្គាប់ឲ្យគេលើក បាយ សម្លរទៅដាក់អុជទៀនធូប សំបូងសង្រូងប្តឹង ជីដូនជីតាច្រូច ស្រា៣ដងរួចសែន ចាប់សំណែននំចំណីបាយសម្លរគ្រប់មុខដាក់ច្រឡូកចូលគ្នាមួយចានយកទៅចាក់នៅមុខផ្ទះ រួចហៅពួកអង្រឹង ជើងសែ្នងឲ្យស៊ីព្រោះជីដូនជីតាពិសារួច ហើយហើយលើកតុថាស ចេញមកក្រៅលត់ភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់។
នាងនោះប្រហែលជាខ្លាច ពស់ដែរ ប៉ុនែ្តបើចេញមកក្រៅ ខ្លាចឪពុកម្តាយ ព្រោះផ្សំដំណេកឲ្យពស់ថ្លាន់ហើយ ក៏ចេះតែអត់ទ្រាំទៅ។ ចំណែកឪពុកម្តាយ នាំញាតិមិត្តស៊ីមាន់ផឹក ស្រាឯលែ្វងខាងក្រៅ។ ពស់នោះកាលមនុស្ស នៅស៊ីផឹកមាត់អ៊ូអែវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួន។ លុះគេស៊ីផឹករួចទៅស្ងាត់អស់ ប្រហែលពាក់កណ្តាលអាធ្រាតវាលាខ្លួនខ្សាក។ វាឥតរឹតរួតនាងនោះទេ ព្រោះពស់នោះវាធំល្មមលេបនាងនោះបានតែម្តង។ វាគ្រាន់តែយកកន្ទុយស៊ករុំកដៃ នាងនោះជាប់ងាកក្បាល មកក្រោមកៀវ ជើងប្រមូលផ្ទឹមគ្នាវាហារមាត់ប្រញ្ចកជើងនាងទាំងពីរ តែម្តង។
ពីដំបូងនាងនោះស្មានថាពស់ថ្លាន់ ប្រុងរួមបវេណីនិង ខ្លួនបានជានាងនៅ ស្ងៀមមិនមាត់ ព្រោះដេកជាមួយ គ្នាតាំងពីល្ងាចមិនអីសោះបែបជាទុកចិត្តពស់បន្តិចទៅហើយ។ លុះវាលេប ស្រឺតៗដល់ក្បាលជង្គង់ នាងនឹកសង្ស័យថា ពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយគិត និងក្រោក ក៏ក្រោកមិនរួច កន្ទុយពស់វារឹត ដៃនាងជាប់ នាងភ័យណាស់ ស្រែកហៅម្តាយថា« ពស់ថ្លាន់វាលេបហើយ »។ ម្តាយលឺមាត់កូន ស្រែកហៅ ក៏ស្រែកសន្ធាប់ ទៅវិញថា « ខ្មោចមេចំកួតប្តីប្រលែងផងបានតែព្រើលៗ»។ ឪពុកស្រវឹងស្រាដេកសន្លប់ហៀរ ទឹកមាត់កក្លាក់ លុះពស់លេបដល់ចងេ្កះនាងស្រែកហៅម្តាយថា «ម៉ែៗ ជួយកូនផង ពស់លេបដល់ចងេ្កះហើយ»។ ម្តាយរឹតតែបញ្ជោរពីក្រៅមកស្តីបន្ទោសថា «កូនអីក៏ចង្រៃ មិនចេះខ្មាស់គេឯង មិនច្រឡំនិង អ្នកស្រុកតិចអញចូលទៅ វាយក្បាលក្នុងដំណេក បែកឥឡូវ»។ នាងនោះចេះតែស្រែកថា «ម៉ែអើយជួយកូនផងពស់លេបដល់ចុងដង្អើមហើយ» បន្តិចស្រែកថា«លេបដល់កហើយ» ។
ម្តាយលឺកូនស្រែកញយៗពេកមិនខ្ចីទាំងតបផង គិតតែពីសង្ងំដេក។ លុះលេបដល់បបូរមាត់ក៏ស្រែកលាឪពុកម្តាយថា «បើឪម៉ែមិនជួយកូនទេ កូនសូមលាស្លាប់ហើយ»។ ម្តាយស្តាប់ទៅលឺមាត់កូនង៉ុលៗ ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្របបបូរមាត់ទៅហើយនោះ។ លុះបាត់លឺមាត់កូនម្តាយសង្ស័យក៏ អុជភ្លើង ចូលទៅមើល បាត់កូនឃើញតែពស់ធំកំពីងតាំងពីក្រោមរហូតដល់ជិតពាក់កណ្តាលខ្លួន។ នាងម្តាយនោះក៏ស្រែកទួញងោងផ្អើលឆោឡោដល់អ្នក ស្រុកអ្នកភូមិ ផ្ទះអ្នកជិតខាងទាំង ពាក់កណ្តាលអាធ្រាត។ ឪពុកភ្ញាក់ឡើងហៅអ្នកស្រុកមកជួបជុំ ចោមចាប់ពស់ថ្លាន់ទាក់កចងសន្ធឹង យកកាំបិតព្រា វះយក
កូនបានមកសន្លប់សូន្យឈឹងដូចជាស្លាប់។ តែខ្លួននៅក្តៅប្រឡាក់សុទ្ធតែរំអិល ពស់ពេញទាំងខ្លួនទាំងក្បាលនិងដៃជើងឆ្អាបកខ្វក់នាំគ្នាដង ទឹកមកលាងលាង
មិនជ្រះ ដាំទឹកក្តៅយកមកលាង ក៏មិនជ្រះលុះគេ ស្រោចទឹកក្តៅអ៊ុនៗលាងឲ្យមួយស្របក់នាងក៏ដឹងខ្លួនឡើងវិញ។
មើលឃើញបងប្អូនមាមីងជួបជុំត្រៀបត្រា មើលមកខ្លួនឯងសុទ្ធតែរំអិលពស់ឆ្អាបគគ្រុក។ ក្រោកឡើង កន្រ្តាក់បានផ្តិលទឹកមួយលើកគ្របទទូលក្បាល ដើរទៅមាត់សមុទ្រដងទឹក ងូតលាងដូចមេ្តចក៏ មិនជ្រះរំអិលពោះនោះ គិតថា ឱខ្លួនអញអើយម៉េ្លះទៅហើយនៅជាមនុស្សក៏ខ្មាស់គេបើស្លាប់ទៅវិញប្រសើរជាង ក៏យកផ្តិលទទួលក្បាលដើរ ទៅត្រង់មាត់ច្រាំងអន្លង់ជ្រៅនឹកប៉ងក្នុងចិត្តថា«អញនឹង លោតទឹកសំលាប់ខ្លួនឯងចោល»។ គិតដូច្នោះហើយក៏លោតប្រូងទៅក្លាយខ្លួនទៅកើតជាផ្សោតញីភ្លាមមុជក្នុងទឹកហែលចាប់ត្រីស៊ីព្រងើយ។ ឪពុកម្តាយរត់តាមទៅមើលកូនឯមាត់កំពង់ទឹក រកពុំឃើញនាំគ្នាយំ សោកអាឡោះអាល័យរៀបរាប់រឿងផេ្សងៗនៅមាត់ទឹក។
លុះត្រលប់មកផ្ទះវិញ បបួលប្តីប្រពន្ធអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយ ដោយស្មានថាពស់ថ្លាន់វាស្លាប់ព្រោះវះពោះរយះជាពីរ ទៅហើយតែធម្មតាពស់ ថ្លាន់តែងមានប្រមាត់រស់គ្រាន់តែវះពោះប៉ុណ្ណឹងមិនស្លាប់ទេ។ លុះត្រាតែកាប់ដាច់ ជាពីរជាបីកំណាត់ទើបស្លាប់។ យូរៗទៅពស់ថ្លាន់ សះជារស់ឡើងវិញហើយតាំងចិត្តលែងស៊ីមនុស្ស និងសត្វណា ដែលគ្មានរោម គ្មានមមីសការ ដែលពស់ថ្លាន់លែងស៊ីមនុស្ស និងសត្វគ្មានរោមក៏ជាទំនៀមទំលាប់ពីត្រឹមនោះមករហូតដល់ ឥឡូវនេះ។ ឯផ្សោតក៏កើតមានពីត្រឹម នាងប្រពន្ធពស់ថ្លាន់រហូតមកដល់សព្វថៃ្ងនេះ ក្បាលផ្សោតក៏ត្រងោលដូចជារបៀបទទូរផ្តិលសរីរាវៈយវៈរបស់ផ្សោត មិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជា ដោះប្រដាប់ កេរខ្មាស និងសរីរាវៈយវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់គ្មានតែដៃជើងប៉ុណ្ណោះទេ។


About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

General