មានសត្វខ្លាមួយវាដាច់សង្វែងដើររកចាប់អ្វីមិនបាន សោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយកំពុង តែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា៖
• ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញហើយហើរទៅកាលណានឹង ចាប់ វាបាន ?។
ខ្លាអង្គុយចាំមើលកិច្ចកលសត្វអក នោះ ។ឯសត្វអកនោះ កាលណាទំហើយ ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រីក្រែង មានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។យូរបន្តិចមានត្រី មួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។ ខ្លាឃើញអកធ្វើដូច្នោះក៏គិត ក្នុងចិត្តថា៖
• “យើ ! អាអកនេះវាអង្គុយតែស្ងៀមសោះស្រាប់តែមាន ត្រីហែលក្នុងត្រពាំងនោះវាស្ទុះទៅចាប់បានមួយរំពេច យកមកក្រអែះ មិននឿយហត់ប៉ុន្មានសោះមិនព្រួយដូច ជាខ្លួនអញ ខំដើរស្វែងរកស្ទើរស្លាប់មិនងាយបាន,អានេះ អង្គុយធ្វើច្រងុកៗ ចាប់បានភ្លាមៗហើយវាមិនលំបាក លបលំបាកឱន ក្រាបទៀតផង,បើដូច្នេះអញគិតធ្វើដូច សត្វអកនេះវិញស្រួលជាង ” ។
ខ្លាគិតដូច្នោះហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹង ឬ ត្រពាំងជាទីស្ងាត់ ហើយដែលមានត្រីច្រើននោះ ។ វាដើរទៅដល់បឹងមួយជាទីស្ងាត់, នៅមាត់បឹងនោះ មានដើមឈើធំៗដុះច្រូងច្រាង ដ៏មានម្លប់ត្រឈៃល្មមវាពឹងពួនខ្លួនវាបាន ។ ពេលនោះមានបុរស ម្នាក់នៅចងសន្ទូចក្នុងបឹងនោះ មុនខ្លាទៅដល់ ។
ដោយចង់មើលឲ្យឃើញសន្ទូចខ្លួន ដែលរាយនៅឯនាយឆ្ងាយបានស្រួល បុរសនោះរាយសន្ទូចហើយ មិនឈរនៅនឹងដីទេ ទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសម្ងំតែម្នាក់ឯង មិនមាត់កឡើយ ។ ឯខ្លានោះ កាលបានទៅដល់ហើយក៏ដើរផ្លូកចុះផ្លូកឡើង រកដើមឈើនឹងឡើង ធ្វើដូចជាសត្វអក ។ បុរសឮសូរមើលទៅឃើញខ្លាកំពុងតែដើរ រួចទៅឡើងអង្គុយជ្រហមៗលើចុងឈើ ហើយធ្វើសំឡេង ត្រាប់តាមសត្វអកថា “អកអូរៗ” គាត់មិនហ៊ានមាត់ថាអ្វីទេ ចាំតែមើលហើយគិតថា៖
• “ខ្លានេះ វាឡើងចុងឈើនៅក្នុងបឹងដូច្នេះ តើវាគិតធ្វើអ្វីអេះ ?”។
យូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះ ស្ទុះលោតប្រូង រួចផុសឡើងវិញឈ្លក់ទឹកឮសូរខក់ៗ ។ បុរសនោះឃើញហើយសើច រួចស្រែកថា “ស្លាប់ទៅ ! អាខ្មោច ធ្វើអ្វីដូច្នោះ”។ ខ្លាឮមើលទៅឃើញបុរសនៅលើចុងឈើ ក៏មានសេចក្ដីអៀនខ្មាសខ្លាំងណាស់ ស្ទើរនឹងស្លាប់ខ្លួនព្រោះ មិនដែលបង់គំនិតដល់ម្លឹងសោះ រួចខ្លានឹកថា “ឥឡូវបុរសនេះឃើញអញតែម្នាក់ឯងបើគាត់ទៅដល់ ផ្ទះសមគាត់នឹងនិយាយប្រាប់គេថែមទៀត គេនឹងកាន់តែដឹងច្រើនឡើង កើតមានកេរ្ត៍ឈ្មោះ អាក្រក់ណាស់ បើដូច្នោះអញសូកគាត់ កុំនិយាយប្រាប់នរណាតទៅទៀតឡើយ” ។
ខ្លាបាននិយាយអង្វរបុរសនោះ ជាពាក្យឱនលំទោនថា
• ឱ ! អ្នកអើយ ! ខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅ វាមិនបានឯត្រី ទៅបានឯលង់ទឹក ស្ទើរនឹងស្លាប់ ខ្ញុំមានសេចក្ដីខ្មាសអៀនច្រើនណាស់ បើដូច្នោះសុំអ្នកអាណិតខ្ញុំកុំនិយាយទៅណាមក ណាទៅទៀត ខ្ញុំនឹងតបគុណឧបការៈអ្នក ។
បុរសតបវិញថា៖
• ខ្លាឯងឲ្យអ្វីអញ។
ខ្លាថា៖
• ខ្ញុំសន្យារកសត្វ មួយព្រឹកមួយៗ យកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃ ។
បុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លា រួចហើយវិលទៅផ្ទះអាត្មាវិញ, លុះព្រឹកឡើងមកទទួលយកសត្វ អំពីខ្លានៅកន្លែងសន្យា។ ខ្លាក៏ខាំសត្វយកមកឲ្យបុរសនោះ ជាប្រក្រតីមិនហ៊ានខាន ។
កាលបើបុរសនោះបានសត្វនាំយកទៅផ្ទះអាត្មា ច្រើនថ្ងៃពេកណាស់ នាងភរិយាឆ្ងល់ លុះវេលាយ ប់ក៏សួរដោយស្ងាត់ថា៖
• អ្នកឯងធ្វើដូចម្ដេច ក៏បានសត្វរាល់ថ្ងៃម្ល៉េះ ? ម្ដងសត្វនេះម្ដងសត្វនោះ ជ្រូកក៏មាន ក្ដាន់ក៏មាន ឈ្លូសក៏មាន។
ប្ដីថា៖
• អញដាក់អន្ទាក់។
ប្រពន្ធថា៖
• អន្ទាក់អ្វីក៏បាន មិនដែលខានដូច្នេះ ? អ្នកអើយ ! ប្អូនឲ្យត្រង់ទៅមើល ។
បុរសនោះក៏ភ្លេច ពាក្យសន្យាដោយស្មានថា ខ្លាកាលណាវានឹងមក ក៏ប្រាប់ប្រពន្ធតាមរឿងហេតុពី ដើមដល់ចុង ។ ប្រពន្ធនោះក៏ជឿ ។ លុះព្រឹកឡើងបុរសទៅយកសត្វអំពីខ្លាដូចសព្វដង លុះទៅដល់ស្រាប់តែ ឃើញខ្លាអង្គុយជ្រហមៗ ចាំនៅកន្លែងនោះ ។ លុះបុរសដើរទៅដល់ខ្លាប្រាប់ថា៖
• អើ ! បុរសឯងមកហើយ អញនៅចាំទេតើ ! អញនិងស៊ីឯង ត្បិតកាលនិយាយគ្នាមុននោះ អញហាមថា កុំឲ្យនិយាយប្រាប់គេតទៅទៀត អញសូកឲ្យសត្វមួយៗរាល់តែថ្ងៃ, ឥឡូវម្ដេចក៏និយាយ ប្រាប់គេ ?។ បុរសនោះក៏ភ័យភ្នែកស្លោ ឥតប្រកែកថាអ្វីទេ គ្រាន់តែអង្វរទៅខ្លាវិញថា៖
• បងខ្លាឯង ស៊ីក៏ស៊ីចុះ ខ្ញុំមិនប្រកែកទេ បានជានិយាយទៅហើយ តែបើម្ង៉ៃនឹងស្លាប់រស់ ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផង ។
ខ្លាក៏ព្រមថា៖
• អើ ទៅក៏ទៅចុះ តែឲ្យឆាប់ត្រឡប់មកវិញ អញស្ដោះទឹកមាត់ចាំ តែស្ងួតទឹកមាត់អញតាមទៅ ស៊ីទាំងប្ដីទាំងប្រពន្ធ, ទុកធ្វើអី មនុស្សនិយាយមិនទៀង ។
បុរសនោះក៏នៅទាំងសោកសៅក្នុងចិត្ត ព្រោះតែមាត់មិនជិត បានជាខ្លាវាស៊ី, ទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះ ហើយថា៖
• ឥឡូវនៅមិនបានទេ ត្បិតខ្លាវាចាំតែយូរ វានឹងមកស៊ីទាំងអស់គ្នា ។
ប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិត ។ ប្ដីក៏លាភរិយាចេញចាកគ្រឹះស្ថាន ដើរមកតាមផ្លូវយំបណ្ដើរផង, ដល់ពាក់កណ្ដាលផ្លូវ ប្រទះនឹងទន្សាយៗសួរថា៖
• បុរសឯងដើរទៅណាយំផងដូច្នេះ មានទោសទុក្ខដូចម្ដេច ? ។
បុរសនោះ ថ្លែងឲ្យទន្សាយស្ដាប់សព្វគ្រប់ប្រការតាមហេតុនោះ ។ ទន្សាយឆ្លើយថា៖
• ឱ ! បើដូច្នោះ ភ័យអ្វី បុរសឯងទៅរកតែចេក១ស្និតមក ទៅខ្លាចអ្វី អាខ្លាកំព្រើលនោះ។
បុរសនោះត្រេកអរក៏ម្នីម្នារត់ទៅរកបានចេកមួយស្និត ហើយជូនទៅលោកសុភាទន្សាយថា៖
• ខ្ញុំជូនលោក ! សុំឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចុះ តែបន្តិច ខ្លាវាតាមមកស៊ីខ្ញុំហើយ។
សុភាទន្សាយថា៖
• អើ ! អ្នកឯងទៅជាមួយនឹងយើង ចាំមើលខ្លានោះឲ្យជាក់។
រួចសុភាទន្សាយរកដំបូកមួយយ៉ាងខ្ពស់ ឡើងទៅអង្គុយលើដំបូកនោះ ដើម្បីមើលទៅឲ្យបានឆ្ងាយ ។
ឯខ្លា កាលចាំបុរសនោះយូរពេក ក៏តាមមក ប្រាថ្នានឹងខាំស៊ីទាំងពីរនាក់ ព្រោះខុសសន្យាគ្នាពីរលើកហើយ, វាដើរម្នាក់ឯងតាមផ្លូវ រលេះរលាំងមកដល់ទៀបដំបូក ។ បុរសនោះឃើញ ក៏ប្ដឹងសុភាទន្សាយថា៖
• ហ្ន ! មកហើយលោក។
សុភាទន្សាយប្រាប់ថា៖
• កុំមាត់ ! ចាំវាមកជិតសិន។
ខ្លាដើរមកកាន់តែជិត សុភាទន្សាយពមចេកមួយក្នុងមាត់ ហើយស្រែកគ្រហែមឡើងថា៖
• អ៊ែមៗស៊ីខ្លា៥មិនស្កាំផ្ទៃ ស៊ីត្រប់ខាប៉ុនកូនដៃ ស្អាកស្ទើរបែក អ៊ែមៗ។
ខ្លាឮសម្លេងធំក្រអួនថា៖ “ស៊ីខ្លា៥មិនស្កាំផ្ទៃ” ក៏ស្ទុះថយក្រោយ ។ សុភាទន្សាយគ្រហែមថែមម្ដងហើយម្ដងទៀតយ៉ាងផ្ទួនៗ ។ ខ្លាស្ទុះរត់លែងទាំងមើលក្រោយ រត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើ ស្វាឃើញខ្លារត់ស្រែកសួរថា៖
• បងខ្លា រត់មានការណ៍អ្វី ?។
ខ្លាឮហើយឈប់ ឆ្លើយតបទៅវិញ៖
• ទេ ! ទេ !វ៉ិអើយ ! អាណាក៏ធំម្ល៉េះ ស៊ីខ្លាដល់ទៅ៥មិនឆ្អែត បានជាអញភ័យ រត់មកក្រែងវាស៊ី។
ស្វាសួរថា៖
• បងឯងឃើញដែរឬអ្វី ?” ។
ខ្លាថា៖
• ទេ ! ឮតែមាត់ ។
ស្វាសួរថា
• មាត់ត្រង់ណា ?
ខ្លាតបថា៖
• នៅបៀតដំបូកឯដើមពង្រនោះណា។
ស្វាថា៖
• ក្រែងបងសុភាទេដឹង ? ចំណាំតែឃើញនៅត្រង់ហ្នឹង។
ខ្លាតបថា៖
• មិនមែនទេ សម្ដីសុភាណាដូច្នោះ។
ស្វាថា៖
• ទេ ! ប្រាកដជាសុភាហើយ , បើដូច្នោះទៅម្ដងទៀតមើល ខ្ញុំជូនទៅ។
ខ្លាមិនព្រមទៅថា៖
• ក្រែងបងស្វាឯងរត់ចោលអញ តែឯងភ័យរត់ឡើងចុងឈើទៅ, នៅតែអញម្នាក់ឯង ស្លាប់អញហើយ។
ស្វានិយាយម្ដងទៀតថា៖
• បើបងឯងខ្លាចខ្ញុំរត់ចោល យើងចងកន្ទុយភ្ជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួច បើបងជាប់នឹងខ្ញុំហើយ។ ខ្លាថាអើ ! បើដូច្នោះទៅក៏ទៅ កុំរត់ចោលគ្នាវ៉ី ! ។
ខ្លានិងស្វាចងកន្ទុយជាប់គ្នាហើយ ដើរតម្រង់ទៅដំបូកនោះ ។ បុរសនោះឃើញប្ដឹងសុភាទន្សាយទៀតថា៖
• លោកអើយ ! មកទៀតហើយម្ដងនេះ មានស្វាមកផង ខ្ញុំខ្លាចណាស់លោក!
សុភាទន្សាយថា៖
• កុំបារម្ភអ្វី ! នៅមាត់ឲ្យស្ងៀម ចាំវាមកជិតបន្តិច នឹងមើលវា។
សុភាទន្សាយ ក៏ប្រុងបកចេកមួយនឹងពមឲ្យមាំ ។ ដល់មកជិត ស្វាសួរថាត្រង់ណាបងខ្លា ? ។ ខ្លាថា៖
• ហ្ន ត្រង់ហ្នឹង, ហ្ន ! មាត់ស្រែកពីត្រង់នោះ។
សុភាទន្សាយពមចេកនៅក្នុងមាត់ស្រែកថា៖
• យើ ! អាស្វាក្រញាំ ជំពាក់បំណុលអញ ៤ – ៥ ឆ្នាំ ដឹកអាខ្លាសំគមមួយឲ្យអញ អ៊ែម! មើលមាយាទអាស្វានេះ!។
ខ្លាឮដូច្នោះ ក៏ស្ទុះរត់ភីងទៅ ស្វាឃាត់ពុំស្ដាប់ ហើយគិតក្នុងចិត្តថា៖
• យើអាស្វានេះ វានាំអញមកផាត់បំណុលទេតើ!។
ស្វាស្រែកថា៖
• បងខ្លា ឈប់សិនៗ ខ្លាក៏មិនព្រម ដោយចូលចិត្តថា ច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេ
ហើយរត់ទៅឆ្ងាយ ទាល់តែស្វានោះរណ្ដំនឹងឈើ នឹងដី ស្លាប់ខ្លួនខូចអសារឥតការ ។

1 comments: